ចំណេះដឹងទូទៅ៖ អាស៊ី គឺជាកន្លែងសម្រាប់កីឡដ្ឋានបាល់ទាត់ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់ពិភពលោក ដោយរួមបញ្ចូលគ្នានូវសមត្ថភាពដ៏ក្លៀវក្លាជាមួយនឹងភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្ម។ ដ្បិតថា វិស័យបាល់ទាត់អាស៊ី មិនសូវលេចធ្លោរដូចអឺរ៉ុបក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នបណ្តាប្រទេសជាច្រើនប្រចាំទ្វីបអាស៊ី កំពុងយកចិត្តទុកដាក់ និងសាបព្រោះធនធានកីឡាករកាន់តែច្រើនឡើងៗ ជាមួយសមត្ថភាពមិនធម្មតា ដើម្បីប្រជែងសមរភូមិវាលស្មៅបៃតងជាមួយទ្វីបអឺរ៉ុប។ ត្រឡប់មកវិញ លោកអ្នកមានដឹងទេថា..តើពហុកីឡដ្ឋានណាខ្លះធំជាងគេបំផុតនៅទ្វីបអាស៊ី...?

អ្វីដែលគ្រប់គ្នាអាចនឹងស្រឡាំងកាំងនោះគឺថា ពហុកីឡដ្ឋាន Rungrado May Day របស់កូរ៉េខាងជើង មិនត្រឹមតែជាពហុកីឡដ្ឋានធំជាងគេបំផុតនៅទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប់ឈ្មោះជាពហុកីឡដ្ឋានដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរ។ ពហុកីឡដ្ឋាននេះមានចំនួនកៅអី១១៤ ០០០ ល្មមអាចអនុញ្ញាតឱ្យវាក្លាយជាពហុកីឡដ្ឋានធំជាងគេបំផុតក្នុងលោក។ ធំជាងគេទី២ នៅអាស៊ីធ្លាក់ទៅលើពហុកីឡដ្ឋាន Lusail របស់ប្រទេសកាតា ដែលអាចផ្ទុកអ្នកទស្សនាបានជិត៨៩ ០០០នាក់ ហើយកីឡដ្ឋាននេះ ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្រផងដែរ។

ចំណាត់ថ្នាក់ទី៣ គឺពហុកីឡដ្ឋានជាតិ Bukit Jalil របស់ប្រទេសម៉ាឡេស៊ី។ វាអាចផ្ទុកមនុស្សបានចំនួន៨៥ ៥០០នាក់ ហើយជារឿយៗ វាត្រូវបានគេកំណត់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត និងការប្រគំតន្ត្រីធំៗក្នុងតំបន់។ ចំណាត់ថ្នាក់លេខ៤ បានទៅលើ ពហុកីឡដ្ឋាន Jakarta International Stadium ក្នុងប្រទេសឥណ្ឌូណេស៊ី។ វាមានសមត្ថភាពផ្ទុកមនុស្សបានចំនួន៨២ ០០០នាក់។ ទាំងពហុកីឡដ្ឋានជាតិ Bukit Jalil និងJakarta International Stadium គឺជាគ្រាប់គុជដ៏ចែងចាំក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយតំណាងឱ្យវប្បធម៌បាល់ទាត់ដែលកំពុងរីកចម្រើនក្នុងតំបន់ដ៏តូចស្វិតមួយនេះ និងការប្តេជ្ញាចិត្តចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡាលំដាប់ពិភពលោក។

គួរឱ្យកត់សម្គាល់ ចំណាត់ថ្នាក់ទី៥ គឺពហុកីឡដ្ឋានជាតិប៉េកាំងរបស់ប្រទេសចិន ដែលមានសមត្ថភាពផ្ទុកមនុស្សបានចំនួន៨០ ០០០នាក់។ ចំណាត់ថ្នាក់ទី៦ គឺធ្លាក់ទៅក្នុងកណ្តាប់ដៃ ពហុកីឡដ្ឋាន Yuba Bharati Krirangan របស់ឥណ្ឌា ដែលអាចផ្ទុកមនុស្សបានចំនួន៧៧ ២៦៩នាក់ និងចុងក្រោយគេ[ចំណាត់ថ្នាក់ទី៧] គឺពហុកីឡដ្ឋាន Gelora Bung Karno របស់ឥណ្ឌូណេស៊ី អាចបើកទ្វារស្វាគមន៍អ្នកគាំទ្របានចំនួន ៧៦ ១២៧នាក់។ ជារួមមក ទីលានវាលស្មៅដ៏ធំល្វឹងល្វើយទាំងនេះ កំពុងបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់អាស៊ីចំពោះកីឡាបាល់ទាត់ និងការបណ្តាក់ទុនជាបន្តបន្ទាប់ក្នុងការបង្កើតពហុកីឡដ្ឋានជាច្រើនទៀត ដែលមនុស្សរាប់លាននាក់អាចប្រមូលផ្តុំគ្នាដើម្បីអបអរការប្រកួតដ៏អស្ចារ្យក្នុងវិស័យបាល់ទាត់៕




