គ្រីសស្ទៀណូ រ៉ូណាល់ដូ ជាកីឡាករបាល់ទាត់ដំបូងគេ ក្លាយជាមហាសេដ្ឋី
ម៉េងហុង
09 តុលា 2025 02:56 AM

បាលត់ទាត់ពិភពលោក៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ គ្រីសស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលក្លាយខ្លួនជាមហាសេដ្ឋី។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ​​ចុងក្រោយបង្អស់ ដែលបានវាយតម្លៃទ្រព្យសម្បត្តិរបស់កីឡាកររូបនេះមានរហូតដល់ទៅ១,៤ពាន់លានដុល្លារអាម៉េរិក។

ទំហំទ្រព្យសម្បត្តិរបស់ខ្សែប្រយុទ្ធវ័យ៤០ឆ្នាំរូបនេះ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីរូបគេចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុម Al-Nassr ក្នុងខែមិថុនា ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃជាង៤០០លានដុល្លារអាម៉េរិកឯណោះ។ Bloomberg បានរាយការណ៍ថា រ៉ូណាល់ដូ រកបានច្រើនជាង៥៥០លានដុល្លារសម្រាប់ប្រាក់ខែចន្លោះឆ្នាំ២០០២ ដល់២០២៣ បន្ថែមដោយកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំជាមួយក្រុមហ៊ុនយក្ស Nike មានតម្លៃជិត១៨លានដុល្លារក្នុងមួយឆ្នាំ និងជាដៃគូរជាមួយក្រុមហ៊ុន Armani, Castrol និងផ្សេងៗទៀត ដែលបន្ថែមច្រើនជាង១៧៥លានដុល្លារដល់ទ្រព្យសម្បត្តិរបស់គេ។

ការផ្ទេរពី Manchester United ទៅចូលរួមជាមួយ Al-Nassr ក្នុងឆ្នាំ២០២៣ ធ្វើឱ្យ រ៉ូណាល់ដូ ក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់រួចទៅហើយ ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ២៣៧,៥២លានដុល្លារអាម៉េរិក បូករួមទាំងប្រាក់រង្វាន់ និងភាគហ៊ុន១៥ភាគរយនៅក្នុងក្លឹបអារ៉ាប៊ីសាអូឌីតនេះ។

អត្តពលិកទទួលបានងារជាមហាសេដ្ឋី​ គឺកម្រមានណាស់ ខណៈបច្ចុប្បន្នមានតែកីឡាករបាល់បោះ ម៉ៃឃើល ចូឌែន (Michael Jordan), ម៉ាជីក ចនសុន (Magic Johnson) ឡេប្រុន ជេម (LeBron James) កីឡាករវាយកូនហ្គោល ថៃឃឺ វូដ (Tiger Woods) និងកីឡាករវាយកូនបាល់ រ៉ូជើរ ហ្វេដឺរ័រ (Roger Federer)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត