FIFA បង្កើតពានរង្វាន់ថ្មី សម្រាប់បណ្តាប្រទេសអាស៊ានប្រជែងគ្នា
ហៀប ស៊ីថេត
3 ខែមុន

បាល់ទាត់៖ ប្រធាន FIFA លោក ហ្គៀននី អ៊ីហ្វែនទីណូ (Gianni Infantino) បានប្រកាសបង្កើតពានរង្វាន់ថ្មីមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានឈ្មោះថា «FIFA ASEAN Cup» ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅរាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៦តុលាម្សិលមិញ...។

ព្រឹត្តិការណ៍ថ្មីនេះ នឹងបំពេញបន្ថែមពីលើការប្រកួតជើងឯកអាស៊ានប្រចាំឆ្នាំ (ដែលគេធ្លាប់ស្គាល់ថា AFF Cup) និងមានគោលបំណងពង្រឹងការប្រកួតប្រជែងបាល់ទាត់ក្នុងតំបន់ឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀត។ លោក អ៊ីនហ្វែនទីណូ បានសង្កត់ធ្ងន់ថា «ASEAN Cup» នឹងត្រូវធ្វើឡើងក្នុងអំឡុងពេលការប្រកួតអន្តរជាតិផ្លូវការរបស់ FIFA ដែលជាការផ្លាស់ប្ដូរដ៏សំខាន់ ដោយតម្រូវឱ្យក្លឹបនានាទូទាំងពិភពលោក បញ្ចេញកីឡាករសម្រាប់កាតព្វកិច្ចជាតិ។ ការបង្កើតព្រឹត្តិការណ៍ថ្មីនេះ ធានាថា ក្រុមអាស៊ាន អាចកោះហៅកីឡាករដែលមានទេពកោសល្យល្អបំផុតរបស់ពួកគេ ដែលកំពុងលេងនៅលីគបរទេស បង្កើនស្ដង់ដារនៃការប្រកួតប្រជែងក្នុងតំបន់។

ប្រធាន FIFA អះអាងថា៖«យើងកំពុងនាំប្រទេសនានារួបរួមគ្នា តាមរយៈកីឡាបាល់ទាត់។ FIFA ASEAN Cup នឹងក្លាយជាជោគជ័យដ៏អស្ចារ្យ ពង្រឹងក្រុមជម្រើសជាតិនៅទូទាំងអាស៊ីអាគ្នេយ៍ និងគាំទ្រដល់ការរីកចម្រើននៃកីឡានៅទូទាំងតំបន់»។ លោកក៏បានបន្ថែមដែរថា៖«វា[ពានរង្វាន់នេះ]នឹងមិនត្រឹមតែលើកកម្ពស់កីឡាបាល់ទាត់អាស៊ានជាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវេទិកាមួយសម្រាប់កីឡាករល្អបំផុតក្នុងតំបន់ ដើម្បីបញ្ចេញសមត្ថភាពនៅលើឆាកពិភពលោកផងដែរ។ តាមរយៈ FIFA ASEAN Cup យើងកំពុងបង្រួបបង្រួមប្រទេស និងពង្រឹងតួនាទីកីឡាបាល់ទាត់ជាឧបករណ៍សម្រាប់សន្តិភាព មោទកភាព និងវឌ្ឍនភាព»។ គួរបញ្ជាក់ថា សេចក្តីប្រកាស​នេះ​ ​ធ្វើ​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ទីម័រខាងកើត​ត្រូវ​បាន​​ទទួល​ស្គាល់​ជា​ផ្លូវការ​ ជា​រដ្ឋ​​ទី១១នៃសមាជិកអាស៊ាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត