
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបញ្ជាក់កាលពីថ្ងៃពុធទី៥ វិច្ឆិកាថា តៃវ៉ាន់ត្រូវតែត្រូវបានអនុញ្ញាតឱ្យចូលរួមយ៉ាងពេញលេញ និងស្មើភាពគ្នា នៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅឆ្នាំក្រោយ បន្ទាប់ពីទីក្រុងតៃប៉ិបានត្អូញត្អែរថា រដ្ឋធានីប៉េកាំងបានបន្ថែមលក្ខខណ្ឌជាច្រើនទៅក្នុងការចូលរួមរបស់ខ្លួន។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក គឺជាស្ថាប័នអន្តរជាតិមួយក្នុងចំណោមស្ថាប័នអន្តរជាតិតែមួយគត់ដែលតៃវ៉ាន់ដែលតៃវ៉ាន់ជាសមាជិក ហើយកិច្ចប្រជុំកំពូលខែវិច្ឆិកាឆ្នាំ២០២៦ នៅទីក្រុងសិនជិន នឹងធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងរដ្ឋធានីប៉េកាំងបានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានយុទ្ធនាការដាក់សម្ពាធយោធារបស់ចិនកាន់តែខ្លាំងឡើងប្រឆាំងនឹងកោះនេះ។ ក្រសួងការបរទេសចិនបានប្រកាសនៅសប្តាហ៍នេះថា ការចូលរួមរបស់តៃវ៉ាន់នៅក្នុងសកម្មភាព APEC ត្រូវតែគោរពតាមគោលការណ៍ចិនតែមួយ ដែលរដ្ឋធានីប៉េកាំងយល់ថាមានន័យថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជាកម្មសិទ្ធិរបស់ប្រទេសតែមួយ ដែលជាអ្វីដែលរដ្ឋាភិបាលតៃវ៉ាន់បដិសេធ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បាននិយាយថា៖«សមាជិក APEC បានយល់ព្រមដោយការឯកភាពគ្នាកាលពីឆ្នាំមុនឱ្យចិនក្នុងការធ្វើជាម្ចាស់ផ្ទះ APEC ក្នុងឆ្នាំ២០២៦ ហើយសមាជិក APEC នៅតែប្តេជ្ញាចិត្តចំពោះសមាជិកទាំងអស់ដែលចូលរួមដោយស្មើភាពគ្នានៅក្នុងព្រឹត្តិការណ៍ APEC ទាំងអស់។» អ្នកនាំពាក្យរូបនេះបន្តថា អាទិភាពខ្ពស់បំផុតរបស់យើងគឺសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋអាម៉េរិក ហើយយើងនឹងបន្តជំរុញប្រទេសចិនសម្រាប់ការរៀបចំសន្តិសុខ និងពិធីសារដែលការពារអ្នកចូលរួមទាំងអស់នៅពេលចូលរួមកិច្ចប្រជុំ APEC នៅក្នុងប្រទេសចិន។

សហរដ្ឋអាម៉េរិកទទូចឱ្យមានការចូលរួមយ៉ាងពេញលេញ និងស្មើភាពគ្នាពីសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ រួមទាំងតៃវ៉ាន់ ដែលហៅថាចិនតៃប៉ិនៅក្នុង APEC ស្របតាមគោលការណ៍ណែនាំ ច្បាប់ និងការអនុវត្តដែលបានបង្កើតឡើងរបស់ APEC ដូចដែលបានបញ្ជាក់ដោយប្រទេសចិននៅក្នុងការផ្ដល់ជូនរបស់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦។ តៃវ៉ាន់ចូលរួមក្នុង APEC ក្រោមឈ្មោះ«ចិនតៃប៉ិ» ហើយមិនបញ្ជូនប្រធានាធិបតីរបស់ខ្លួនទៅកិច្ចប្រជុំកំពូលដើម្បីជៀសវាងបញ្ហានយោបាយទេ។

រដ្ឋាភិបាលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់អះអាងថា ប្រទេសចិនមិនមានសិទ្ធិនិយាយជំនួស ឬតំណាងឱ្យកោះនេះនៅលើឆាកអន្តរជាតិទេ។ គ្មានសមាជិក APEC ណាម្នាក់មានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ។លើកចុងក្រោយដែលប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC ក្នុងឆ្នាំ២០១៤ ទំនាក់ទំនងជាមួយតៃវ៉ាន់គឺប្រសើរជាងមុនក្រោមការដឹកនាំរបស់ប្រធានាធិបតីតៃវ៉ាន់នៅពេលនោះគឺលោក ម៉ា យីងជូ (Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់ជាមួយរដ្ឋធានីប៉េកាំង។ យ៉ាងណាក៏ដោយ នៅឆ្នាំ ២០០១ តៃវ៉ាន់បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើអ្នកណាដែលខ្លួនអាចបញ្ជូនបាន៕



