បុណ្យអុំទូកថ្ងៃទី២៖ ភ្ញៀវជាតិ-អន្តរជាតិរាប់ម៉ឺននាក់ សម្រុកទៅដើរលេងកម្សាន្តនៅតំបន់អង្គរ
S
Soriya Sou
05 វិច្ឆិកា 2025 07:57 AM

ក្រុងសៀមរាប៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ បានចូលទៅទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប...។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ/ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ/ រូបភាព៖ អាជ្ញាធរជាតិអប្សរា

ភ្ញៀវទេសចរជាច្រើនដែលបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ខណៈខ្លះទើបបានមកទស្សនាជាលើកដំបូងផងនោះ បានបង្ហាញអារម្មណ៍រំភើបរីករាយនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ និងទេសភាពវាលស្មៅ ព្រមទាំងរុក្ខជាតិពណ៌បៃតងដ៏ស្រស់បំព្រងយ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែរំភើបជាងនេះ គេឃើញភ្ញៀវទេសចរអន្តរជាតិជាច្រើនជាតិសាសន៍ បង្ហាញវត្តមាននៅតំបន់រមណីយដ្ឋានអង្គរ ក្នុងទឹកមុខញញឹមរីករាយ ដែលហាក់បីដូចបានណាត់ជួបជុំគ្នានៅលើទឹកដីពិសិដ្ឋនេះ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី៥វិច្ឆិកា។

<br />

សូមជម្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី៤-៦វិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្ត និងសាសនាជាច្រើន នៅបរិវេណសួនច្បារព្រះរាជដំណាក់ និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងស្ដារសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែប្រសើរ។ កម្មវិធីកម្សាន្ត និងសាសនា ទាំងនោះរួមមាន៖ កម្មវិធីជិះទូកកម្សាន្ត និង ការប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, ការប្រណាំងក្រឡោ, កម្មវិធីប្រគំតន្ត្រីស្គរដៃ, កម្មវិធីស្ដង់ពិព័រណ៌ និងម្ហូបអាហារ, ផ្សារបណ្ដែតទឹក និង អាហារតាមផ្លូវ, កម្មវិធីប្រដាល់គុនខ្មែរ, ល្ខោនបាសាក់ និង ពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារនៅព្រឹកថ្ងៃទី៥វិច្ឆិកានេះថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្ដេចចាត់ទុកភាពរីករាយនេះ មិន ត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញយ៉ាងច្បាស់ពីការថែរក្សាប្រពៃណី វប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាព៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត