
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់ (ស្រ្តីជិត១ពាន់នាក់) មានបញ្ហាសុខភាព ក្នុងអំឡុងដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកថ្ងៃទី២ គឺថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅនានា បានសង្រ្គោះបឋមដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពទាំងនោះ។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពថ្ងៃទី២នៃពិធីបុណ្យអុំទូក ដែលបង្ហាញដោយអគ្គស្នងការដ្ឋាននគរលបាលជាតិ។

ក្នុងចំណោមអ្នកមានបញ្ហាសុខភាពទាំងអស់នោះ មានតែ២នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ កងកម្លាំងការពារតាមគោលដៅ បានរកឃើញប្រជាពលរដ្ឋក្មេងចាស់៣៤នាក់ (មនុស្ស២នាក់) ដែលវង្វេងសាច់ញាតិ។ គិតត្រឹមម៉ោងផ្សាយរបាយការណ៍នេះ នៅម៉ោង៩កន្លះយប់ថ្ងៃទី១៥វិច្ឆិកា មានសាច់ញាតិ២៥នាក់ បានទៅទទួលយកអ្នកវង្វេងទាំងនោះ ហើយអ្នកនៅសល់ សមត្ថកិច្ចកំពុងបន្តស្វែងរកសាច់ញាតិ។ ដោយឡែក ការប្រណាំងទូកនៅថ្ងៃទី២នេះ មានទូក៦ បានលិច ហើយកងកម្លាំងជួយសង្រ្គោះបានទាំងអស់ ដោយពុំមានកីឡាករណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

អគ្គស្នងការដ្ឋាននគរបាលជាតិ វាយតម្លៃជារួមថា ពិធីបុណ្យអុំទូកថ្ងៃទី២ បានប្រព្រឹត្តទៅដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ហើយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមកម្សាន្ដសប្បាយរីករាយ។ សូមបញ្ជាក់ថា ពិធីបុណ្យអំុំទូកមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី១៦ (វិច្ឆិកា)។ កងកម្លាំងចម្រុះជាង១,៦ម៉ឺនាក់ ត្រូវបានដាក់ពង្រាងដើម្បីរក្សាការពារសន្តិសុខ ក្នុងថ្ងៃបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ នៅរាជធានីភ្នំពេញ។ ស្ថាប័នកងកម្លាំងប្រដាប់អាវុធ បានបង្ហាញលេខទូរសព្ទ៥ខ្សែ រួមមានន៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161 ដើម្បីទុកឱ្យប្រជាជនហៅទៅជាបន្ទាន់ ពេលមានហេតុការណ៍ណាមួយកើតឡើងក្នុងថ្ងៃបុណ្យអុំទូក ដូចជា បាត់ក្មេងតូចៗ ចោរលួច ចោរឆក់ និងបញ្ហាអសន្តិសុខផ្សេងទៀត៕




រូបពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


