
រាជធានីភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងជាង២០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤..។

ក្រសួងបង្ហាញថា ទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជាង៧លាន៨សែននាក់ បានដើរកម្សាន្តទូទាំងប្រទេសក្នុងពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ក្នុងនោះទេសចរជាតិ ប្រមាណជាង៧លាន៧សែននាក់ កើនឡើង២១,៤ភាគរយ ចំណែកភ្ញៀវទេសចរអន្តរជាតិមានជាង៨ម៉ឺន៩ពាន់នាក់ កើនឡើង២៨,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ទន្ទឹមគ្នានោះ មាន រាជធានី-ខេត្តចំនួន៥ ស្រូបទាញអ្នកទេសចរច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋជាង៦លាន២សែននាក់ ខណៈទេសចរបរទេសប្រមាណជាង៥ម៉ឺននាក់។ ដោយឡែក ខេត្តសៀមរាប សម្បូរដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ទទួលបានភ្ញៀវទេសចរជាតិជាង៣សែន៣ម៉ឺននាក់ និងទេសចរបរទេសជាង១ម៉ឺននាក់។

ក្រៅពីនេះ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន ខេត្តកំពត ក៏ស្ថិតនៅក្នុងតារារាជធានី-ខេត្ត ដែលទាក់ទាញបានភ្ញៀវទសេចរដើរកម្សាន្តច្រើនដូចគ្នា។ គួរកត់សម្គាល់ថា កម្ពុជាមានធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌជាច្រើន អាចទាក់ទាញភ្ញៀវជាតិ-អន្តរជាតិឱ្យចូលមកទស្សនាឥតគណនា។ ដ្បិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ អាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាត ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍កែច្នៃ រាប់រយកន្លែង។ ចំណុចដ៏មានសក្តានុពលទាំងអស់នេះហើយ ជំរុញឱ្យវិស័យទេសចរណ៍ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ប់សេដ្ឋកិច្ចកម្ពុជា។ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង់សេវាកម្សាន្ត ជួយផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន (លក់អាហារ លក់វត្ថុអនុស្សាវរីយ៍ )។ល៕






