ឱ្យតែសួរ! បរទេសភាគច្រើន មិនដែលចោលពាក្យ «ប្រជាជនខ្មែររួសរាយរាក់ទាក់»
Mao Sopha
16 វិច្ឆិកា 2024 09:00 AM

រាជធានីភ្នំពេញ៖ គេបានដឹងយូរមកហើយថា ជនបរទេសដែលធ្វើដំណើរទេសចរណ៍មកកាន់ទឹកដីកម្ពុជា តែងតែបង្ហាញការកត់សម្គាល់លើចំណុចពិសេសមួយរបស់ប្រជាជនកម្ពុជា នោះគឺ «ការញញឹម និងការរួសរាយរាក់ទាក់»។ កាលពីឆ្នាំ២០២១ គេហទំព័រអន្តរជាតិឈ្មោះ Rough Guides បានដាក់ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសលេខ១ ដែលប្រជាជនរួសរាយរាក់ទាក់បំផុតក្នុងពិភពលោក។ ពុំចាំបាច់សួរឱ្យចំនោះទេថា ប្រជាជនកម្ពុជាមានលក្ខណៈយ៉ាងម៉េច? ដោយគ្រាន់តែសួរជាទូទៅថា អ្នកយល់យ៉ាងណា ពេលមកដល់កម្ពុជា? ពេលនោះ គេនឹងឮការសរសើរពីភ្ញៀវបរទេសថា «ប្រជាជនខ្មែរចូលចិត្តញញឹម និងមានភាពរួសរាយរាក់ទាក់»។

ពេលទៅមើលការប្រណាំងទូកនៅមុខព្រះបរមរាជវាំង ក្នុងអំឡុងពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ ជនជាតិបរទេស៤នាក់ ត្រូវបានទូរទស្សន៍ជាតិកម្ពុជា (ទទក) សម្ភាសពីចំណាប់អារម្មណ៍ ហើយពួកគេបានបញ្ចេញយោបល់ផ្សេងៗគ្នាអំពីទិដ្ឋភាពនៃពិធីបុណ្យអំទូកនេះ និងទិដ្ឋភាពទូទៅអំពីប្រទេសកម្ពុជា ប៉ុន្តែមានពាក្យមួយម៉ាត់ដែលពួកគេនិយាយដូចគ្នា គឺ «ប្រជាជនខ្មែរ រួសរាយរាក់ទាក់ណាស់»

ស្រ្តីបរទេសម្នាក់មកពីប្រទេសអូស្រ្តាលី សរសើរថា ប្រជាជនខ្មែររួសរាយរាក់ទាក់ផង និងជាប្រជាជនដែលគួរឱ្យស្រឡាញ់ផង។ ស្រ្តីបរទេសដែលមិនបានប្រាប់ឈ្មោះរូបនេះ ថែមទាំងសរសើរថា កម្ពុជាពិតជាស្រស់ស្អាត។ ជាមួយគ្នានេះ លោកស្រីឃើញមានលក់សម្លៀកបំពាក់ច្រើនសម្បូរបែប ហើយអាហារក៏ឆ្ងាញ់។ លោកស្រីបន្តថា អ្វីៗនៅទីនេះ មិនថ្លៃនោះទេ។

លោកស្រី រ៉ូប៊ីន
លោកស្រី រ៉ូប៊ីន

លោកស្រី រ៉ូប៊ីន (Robin) ដែលមកពីអូស្រ្តាលីដែរនោះ បង្ហាញអារម្មណ៍ថា ការប្រណាំងទូក (មើលទៅ) ពិតជាសប្បាយមែនទែន ហើយពិធីបុណ្យអុំទូកនេះ មានទិដ្ឋភាពចម្រុះ។ មិនខុសពីស្រ្តីខាងលើ លោកស្រី រ៉ូប៊ីន លើកឡើងថា កម្ពុជា ជាប្រទេសដែលមានប្រជាជនគួរឱ្យស្រឡាញ់ ហើយអាហារនៅកម្ពុជាក៏ឆ្ងាញ់។

លោកស្រី ផាមីឡា
លោកស្រី ផាមីឡា

ស្រ្តីមកពីអូស្រ្តាលីម្នាក់ទៀត គឺលោកស្រី ផាមីឡា (Pamela) មិនត្រឹមមើលឃើញថា ប្រជាជនខ្មែរចិត្តល្អនោះទេ តែក៏ប្រឹងប្រែងធ្វើការងារដែរ។ លោកស្រីប្រាប់ថា ធ្លាប់មកកម្ពុជាម្តងរួចមកហើយ កាលពី១២ឆ្នាំមុន ហើយលោកស្រីបានវិលមកម្តងទៀត ដើម្បីធ្វើការងារក្នុងគម្រោងអភិវឌ្ឍសាលាមួយកន្លែងនៅកម្ពុជា។ ស្រ្តីបរទេសទាំង៣ខាងលើ ដែលមកពីអូស្រ្តាលី គឺជាក្រុមការងារនៅសាលានេះ។

ចំណែកបុរសបរទេសម្នាក់ ដែលមិនបានប្រាប់ឈ្មោះខ្លួន និងមិនបានប្រាប់ថាមកពីប្រទេសណា ក៏និយាយថា ប្រជាជនខ្មែរចិត្តល្អដែរ និងចេះជួយ (អ្នកដទៃ)។ លោកប្រាប់ថា ចង់មើលការប្រណាំងទូកនេះជាយូរមកហើយ ហើយនេះជាលើកទីមួយដែលលោកបានឃើញការប្រណាំងទូកផ្ទាល់ភ្នែកនៅកម្ពុជា។ តាមរយៈសំណួរដែលបានឮពីប្រជាជនកម្ពុជា លោកកត់សម្គាល់ថា ប្រជាជនកម្ពុជា ចូលចិត្តចង់ដឹងពីជនបរទេសថា មកពីប្រទេសណា?

ក្នុងកិច្ចសម្ភាសជាមួយទទកខាងលើ ជនបរទេសទាំង៤នាក់នេះ សុទ្ធតែលើកទឹកចិត្តដល់ជនបរទេសដទៃទៀត ឱ្យមកលេងកម្ពុជាដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត