
រាជធានីភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលអាចកើតឡើងជាយថាហេតុ ជាពិសេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវឱ្យប្រជាពរដ្ឋជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ បង្កើនការប្រុងប្រយ័ត្ន បើកបរប្រកបដោយទំនួលខុសត្រូវខ្ពស់…។

តាមរយៈលិខិតចុះថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។ អ្នកបើកបរគ្រប់រូប មិនត្រូវបើកបរលើសល្បឿនកំណត់ ហើយរឹតតែមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។ មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង ហើយកុំបើកបរក្នុងស្ថានភាពងងុយដេក ព្រោះទាំងនេះជាកត្តានាំឱ្យអ្នកបើកបរ និងអ្នករួមដំណើរ អាចជួបហានិភ័យនៅលើដងផ្លូវដោយនឹកស្មានមិនដល់។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលចូលមកដល់នៅថ្ងៃទី៤វិច្ឆិកាស្អែកនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានណែនាំដល់ម្ចាស់រថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ មួយវិញទៀត ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ខណៈអ្នកបើកបរម៉ូតូវិញទោះជិត ឬឆ្ងាយ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានជាប់ជាប្រចាំក្នុងពេលធ្វើដំណើរ។ ស្ថាប័នជំនាញមួយនេះ ក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ជាពិសេស៖ កង់, ចង្កូត, ហ្វ្រាំង, ភ្លើងបំភ្លឺ។ ល។ មុនចេញដំណើរ ហើយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច។

ព្រះរាជពិធីបុណ្យអុំទូក នឹងចូលមកដល់នៅថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្ដីជឿជាក់ថា អ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងតាមការអំពាវនាវខាងលើនេះ ដើម្បីនាំមកនូវសុវត្ថិភាព ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក។ សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតកលាក់មុខ និងគួរឱ្យខ្លាចនៅលើដងផ្លូវ។ កាលពីកំលុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី៨-២៣ កញ្ញា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាកើតមានករណីគ្រោះថ្នាក់ចរាចណ៍១០៣ករណី ផ្ដាច់ជីវិតមនុស្ស៦៨នាក់បានស្លាប់ និង១៣៦នាក់រងរបួសធ្ងន់ស្រាល៕




