
ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនកាស៊ីណូចំនួន៤ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចបិទអាជីចវកម្មទាំងស្រុង ក្រោយរកឃើញថា លួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការឱ្យដឹងពី អគ្គលេខាធិការដ្ឋាននៃគ.ល.ក. នៅថ្ងៃទី០៣វិច្ឆិកានេះ...។

អាជ្ញាធរជំនាញពាក់ព័ន្ធនៃខេត្តព្រះសីហនុ បានចុះប្រតិបត្តិការផ្អាក និងបិទអាជីវកម្ម ចំនួន៤រួមមាន៖ ទី១.ក្រុមហ៊ុន ជីនប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុបុះ ទី២.ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀល អុីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី, ទី៣.ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ។ និងទី៤.ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីនប៉ី៤។ ដោយសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងទៅ កាស៊ីណូមានស្លាកយីហោរ «ស៊ីលវើរ ស្តារ» ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចសម្រេចព្យួរអាជ្ញាបណ្ណ ក្រោយចុះពិនិត្យរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យ៉ាងណា ក្រោយការបង្រ្កាប សមត្ថកិច្ចឃាត់បានជនសង្ស័យជាជនបរទេសចំនួន២៣នាក់។ ក្នុងចំណោមអ្នកទាំង២៣នាក់នោះមាន៣នាក់ជាមុខសញ្ញាមេខ្លោង រួមមាន៖ ចិនតៃវ៉ាន់ម្នាក់ និងម៉ាឡេស៊ីចំនួន២នាក់៕





