
សុខភាព៖ តៅហ៊ូ ធ្វើពីសណ្តែកសៀង មានកាឡូរីទាប និងមិនមានជាតិGluten។ តៅហ៊ូសម្បូរទៅដោយជាតិដែក និងកាល់ស្យូម ជាពិសេស ប្រូតេអ៊ីនសម្រាប់អ្នកតមសាច់។ លើសពីនេះ តៅហ៊ូ មានសារធាតុ isoflavones ដែលអាចជួយកាត់បន្ថយការកើតជំងឺមួយចំនួន…។

១.កាត់បន្ថយជំងឺពុកឆ្អឹង៖ សារធាតុ isoflavones ដែលមាននៅក្នុងសណ្តែកសៀង អាចជួយកាត់បន្ថយការពុកឆ្អឹង និងបង្កើនជាតិរ៉ែក្នុងឆ្អឹង ជាពិសេសសម្រាប់ស្ត្រីអស់រដូវ។ ២.ជំងឺខួរក្បាលទាក់ទងនឹងអាយុ៖ ការសិក្សាជាច្រើនបានឱ្យដឹងថា នៅតំបន់ដែលមនុស្សទទួលទានសណ្តែកសៀងច្រើន គឺមានភាគរយតិចក្នុងការកើតមានជំងឺខួរក្បាលទាក់ទងនឹងអាយុ។ ការសិក្សានៅឆ្នាំ២០១៧ បានលើកឡើងថា សណ្តែកសៀង អាចជួយអ្នកមានជំងឺភ្លេចភ្លាំងដោយសារសារធាតុ lecithin នៅក្នុងសណ្តែកសៀង ។ សារធាតុនេះ ជួយរាងកាយផលិតអាស៊ីត phosphatidic និង phosphatidylserine ដែលអាស៊ីតទាំងពីរមានតួនាទីសំខាន់ក្នុងដំណើរការរបស់ណឺរ៉ូន។

៣.បន្ថយហានិភ័យជំងឺបេះដូង៖ សារធាតុ isoflavines ក្នុងសណ្តែកសៀង ទោះបីជាមិនបានជួយបង្កើនកម្រិតខ្លាញ់ល្អក៏ដោយ ប៉ុន្តែអាចជួយកាត់បន្ថយខ្លាញ់អាក្រក់បាន ។ ការសិក្សាជាច្រើន បង្ហាញថា សណ្តែកសៀង អាចកាត់បន្ថយហានិភ័យកត្តាបង្កជំងឺបេះដូងមានដូចជាការលើសទម្ងន់ និងកម្រិតកូលេស្តេរ៉ូល។ ក្នុងនោះ FDA របស់សហរដ្ឋអាម៉េរិកបានកំណត់ថា ការទទួលបានយ៉ាងតិច២៥ក្រាម នៃប្រូតេអ៊ីនសណ្តែក ក្នុងមួយថ្ងៃអាចមានឥទ្ធិពលល្អដល់កម្រិតកូលេស្តេរ៉ូល។ ដូច្នេះ ការបរិភោគតៅហ៊ូ ធ្វើចេញពី សណ្តែកសៀង ជំនួសការទទួលទានសាច់អាចជួយបន្ថយកម្រិតខ្លាញ់អាក្រក់ LDL ដែលនេះបន្ថយហានិភ័យជំងឺក្រិនសរសៃឈាមបេះដូង និងលើសសម្ពាធឈាម។

៤.ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២៖ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ ភាគច្រើនអាចនឹងមានជំងឺតម្រងនោមដែលធ្វើឱ្យរាងកាយបញ្ចេញជាតិប្រូតេអ៊ីនតាមទឹកនោមយ៉ាងច្រើន។ ការសិក្សាមួយ បានឱ្យដឹងថា អ្នកបរិភោគប្រូតេអ៊ីនដែលបានមកពីសណ្តែកសៀង គឺបញ្ចេញប្រូតេអ៊ីនទៅក្នុងទឹកនោម តិចជាង អ្នកទទួលទានប្រូតេអ៊ីនចេញពីសាច់។ ដូច្នេះ សណ្តែកសៀង ជាជម្រើសល្អដែលមានប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



