«ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» នឹងបើកឱ្យឆ្លងកាត់ចាប់ពីដើមខែមេសាខាងមុខ
S
Sreyleak Yith
03 វិច្ឆិកា 2025 05:30 AM

ក្រុងក្រចេះ៖ ​​លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទ្បើយ…។

អ្នកនាំពាក្យបានឱ្យដឹងបន្ថែមថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចវឌ្ឍនភាពសាងសង់បាន៩៨,៣៦ភាគរយ។ ស្ពាននេះ មានទីតាំងត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ រីឯផ្លូវតភ្ជាប់ប្រវែងជាង៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងជាង១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ សាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់៧សង់ទីម៉ែត្រដូចគ្នា។

អ្នកនាំពាក្យបន្ថែមថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្ដីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត។ សូមជម្រាបថា «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ត្រូវបានសាងសង់ដោយប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណ១១៤លានដុល្លារអាម៉េរិក

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត