
រដ្ឋធានីសេអ៊ូល៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល បានរំលឹកដល់ប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យបន្តកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន៥០០ ០០០ តោន ក្នុងអំឡុងពេលនៃកិច្ចប្រជុំទ្វេភាគី នៅឯកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣២ នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី៣១ តុលា។

ការពិភាក្សារវាងមេដឹកនាំប្រទេសទាំង២ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងប្រទេសចិន។ អ្នកនាំពាក្យរដ្ឋាភិបាល លោក សិរីពង្ស អ័ងខៈសកុលគៀត (Siripong Angkasakulkiat) បានបង្ហាញពីព័ត៌មានលម្អិតនៃកិច្ចចរចារវាងលោក អនុទីន និងលោក ស៊ី។ លោក សិរីពង្ស បាននិយាយថា លោក អនុទីន បានរំឭកឡើងវិញលើការចរចាទាក់ទងនឹងការទិញអង្ករថៃចំនួន៥០០ ០០០ តោនរបស់ប្រទេសចិន។ ដោយសារប្រទេសចិនត្រូវការអង្ករជិត១៥០ លានតោនជារៀងរាល់ឆ្នាំ ការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញជាវិជ្ជមាន។

នៅលើទំព័រហ្វេសប៊ុក លោក សិរីពង្ស បានចែករំលែកវីដេអូខ្លីមួយរបស់មេដឹកនាំទាំងពីរកំពុងនិយាយតាមរយៈអ្នកបកប្រែ ដោយកត់សម្គាល់នៅក្នុងចំណងជើងថា បន្ទាប់ពីការពិភាក្សាបានបញ្ចប់ ហើយអ្នកទាំងពីរបានចាប់ដៃគ្នា លោក អនុទីន បានបន្ថែមដោយញញឹមថា«កុំភ្លេចទិញអង្ករ»។ គួររំឭកថា មុនពេលចេញដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក អនុទីន បានលើកឡើងថា គោលបំណងសំខាន់មួយរបស់លោកក្នុងអំឡុងពេលទស្សនកិច្ចនេះគឺដើម្បីជំរុញឱ្យរដ្ឋាភិបាលចិនពន្លឿនការទិញអង្ករចំនួន៥០០ ០០០ តោនពីប្រទេសថៃ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនចំណូលជាតិ៕




