
រាជធានីភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយាងប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង។

ព្រះរាជពិធីបួងសួងនេះ មានការចូលរួមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ដែលជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ មន្ត្រីរាជការជាច្រើនរូប និងបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា។

សំណេរលើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់ការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីកម្ពុជា ក្រោមម្លប់ព្រះបារមីព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង៕








