ព្រះមាតាជាតិខ្មែរ ប្រទាន១ម៉ឺនដុល្លារដល់កងទ័ពកំពុងការពារទឹកដីតាមព្រំដែន
Mao Sopha
03 មិថុនា 2025 09:30 AM

រាជធានីភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រោសព្រះរាជទានថវិកា១ម៉ឺនដុល្លារដល់កងទ័ពកំពុងការពារតាមព្រំដែន។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលដំណឹងនេះ ពីសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ហើយសម្តេចតេជោ ក៏ប្រកាសក្នុងសមាជរួមរដ្ឋសភា-ព្រឹទ្ធសភា នៅម៉ោង២ ថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០២៥នេះ។ ដូចសមាជិកដទៃទៀតដែរ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកព្រឹទ្ធសភា កំពុងមានវត្តមានក្នុងសមាជរួមនេះ។ 

សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ  
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ  

បើតាមសម្តេចតេជោដដែល ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសវនីយ៍(ជាសំឡេង)ទៅសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អំពីការប្រទានថវិកា១ម៉ឺនដុល្លារដល់កងទ័ព។ សម្តេចប្រធានព្រឹទ្ធសភា និងជាប្រធានអង្គសមាជ បានប្រកាសផ្ទេរព្រះរាជទ្រព្យ១ម៉ឺនដុល្លារនេះ ទៅរាជរដ្ឋាភិបាល ដើម្បីចាត់ចែងជូនដល់កងទ័ពការពារព្រំដែន។ សម្តេចប្រធាន បានប្រណម្យអញ្ជលីថ្វាយបង្គំព្រះមហាក្សត្រីអំពីចម្ងាយ និងថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ដែលទ្រង់មានព្រះរាជចិន្តា ដល់សុខទុក្ខកងទ័ពកំពុងការពារអធិបតេយ្យកម្ពុជា។  

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ សុទ្ធតែបានចល័តកងទ័ពរៀងខ្លួនទៅកាន់ព្រំដែន បន្ទាប់ពីផ្ទុះអាវុធដាក់គ្នានាពេលថ្មីៗនេះ។ នៅកម្ពុជា ចាប់ផ្តើមមានចលនាពីប្រជាជនក្នុងការជួយឧបត្ថម្ភជំនួយផ្សេងៗដល់កងទ័ព។ រឿងបែបនេះ ស្រដៀងទៅនឹងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ដែរ ពិសេសអំឡុងឆ្នាំ២០០៨តែម្តង គឺកាលនោះ ប្រជាជនខ្មែរ នាំគ្នាចូលរួមបរិច្ចាគទាំងលុយ ទាំងជំនួយផ្សេងៗដល់កងទ័ព ដែលត្រូវតតាំងជាមួយកងទ័ពថៃក្នុងរឿងប្រាសាទព្រះវិហារ។ សម្រាប់ពេលនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានចលនាជួយគាំទ្រពីសំណាក់ប្រជាជនដល់កងទ័ព ឯសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ភាគីលើកទឹកចិត្តកងទ័ព និងចៀសវាងការបំបាក់ទឹកចិត្តកងទ័ព។ 

ពីឆ្វេងដៃទៅ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោក
ពីឆ្វេងដៃទៅ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោក

ក្រោយផ្ទុះអាវុធដាក់គ្នានៅតំបន់មុំ៣ ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតទៅស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីទាមទារឱ្យភាគីថៃ ស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើហេតុការណ៍ផ្ទុះអាវុធបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ហើយបុគ្គល[ខាងភាគីថៃ]ដែលជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់ប្រជាជន ពីបំណងរៀបចំឯកសារដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីប្តឹងយកឈ្នះចាញ់ជាមួយថៃ ក្នុងសំណុំប្រាសាទចំនួន៣ គឺប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បូករួមទាំងតំបន់មុំ៣ទើបផ្ទុះអាវុធជាមួយគ្នាផងដែរ៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត (រូបពីរដ្ឋសភា)
សម្តេចធិបតី ហ៊ុន ម៉ាណែត (រូបពីរដ្ឋសភា)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត