ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ប្រទានព្រះរាជសាររំលែកទុក្ខចំពោះការបាត់បង់អ្នកឧកញ៉ា ហ៊ុន សាន
Mao Sopha
10 ខែមុន

ពីរដ្ឋធានីប៉េកាំង ប្រទេសចិន ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ទ្រង់ទាំងទ្វេប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ចំពោះមរណភាពអ្នកឧកញ៉ា ហ៊ុន សាន ជាបងប្រុសបង្អស់របស់សម្តេចតេជោ និងជាបងថ្លៃរបស់សម្តេច​ ប៊ុន រ៉ានី។ ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលថា ក្នុងមួយជីវិតអ្នកឧកញ៉ា បានលះបង់គ្រប់បែបយ៉ាង និងបានចូលរួមយ៉ាងសកម្មបំផុតលើវិស័យមនុស្សធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។

ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ យាងចូលរួមព្រះរាជពិធីបូជាព្រះសពសម្តេច នរោត្តម បុប្ផាទេវី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ (ព្រះឆាយាល័ក្ខណ៍ពីក្រសួងព័ត៌មាន)។ 
ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ យាងចូលរួមព្រះរាជពិធីបូជាព្រះសពសម្តេច នរោត្តម បុប្ផាទេវី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ (ព្រះឆាយាល័ក្ខណ៍ពីក្រសួងព័ត៌មាន)។ 

ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរវិញ ទ្រង់មានព្រះរាជសវនីយ៍ក្នុងព្រះរាជសារថា អ្នកឧកញ៉ា ហ៊ុន សាន ជាអ្នកស្នេហាជាតិមួយរូប បានបម្រើប្រទេសជាតិជាយូរមកហើយ។ សូមជម្រាបថា អ្នកឧកញ៉ា ហ៊ុន សាន បានទទួលមរណភាពនៅម៉ោង២ៈ២៧នាទីអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងវ័យ៧៨ឆ្នាំ ដោយរោគាពាធ និងជរាពាធ។

អ្នកឧកញ៉ា ហ៊ុន សាន និងសម្តេច ហ៊ុន សែន
អ្នកឧកញ៉ា ហ៊ុន សាន និងសម្តេច ហ៊ុន សែន

អ្នកឧកញ៉ា ធ្លាប់បំពេញការងារជាច្រើន រួមមាន៖ ជាយោធា, ជាមន្រ្តីក្រសួងពាណិជ្ជកម្ម, ជាមន្រ្តីក្រសួងគមនាគមន៍, ជាមន្រ្តីក្រសួងសាធារណការ, និងជាទីប្រឹក្សាក្រសួងសាធារណការនេះដដែល។ តួនាទីចុងក្រោយរបស់អ្នកឧកញ៉ា គឺជារដ្ឋលេខាធិការធិការក្រសួងសាធារណការ ចាប់តាំងពីឆ្នាំ២០២២មក រហូតទទួលមរណភាព។ នៅឆ្នាំ២០២៣ អ្នកឧកញ៉ា ទទួលបានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ» ពីព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង៕ 

អ្នកឧកញ៉ា ហ៊ុន សាន 
អ្នកឧកញ៉ា ហ៊ុន សាន 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត