ស្ថាប័នជាតិណែនាំភាគីពាក់ព័ន្ធ រៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រឱ្យបានមហោឡារិក
អុន សម្ផស្ស
02 ឧសភា 2025 11:30 AM

រាជធានីភ្នំពេញ៖ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រខ្មែរទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង។ មិនខុសពីឆ្នាំមុនៗ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឱ្យអង្គភាពពាក់ព័ន្ធ អបអរព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម​ ព្រះករុណា ​ព្រះបាទ សម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ 
ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ 

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាបពិត្រ គម្រប់ព្រះជន្ម៧២ យាងចូល៧៣ព្រះវស្សានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជម្រាប់ទៅក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ សុំឱ្យណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពារ រក្សាសន្តិសុខ និងធានាសុវត្ថិភាព ដើម្បីបង្កភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ។ ចំណែកភារកិច្ចក្នុងការចាត់ចែងអុជកាំជ្រួច ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យប្រព្រឹត្តទៅយ៉ាងមហោឡារិក ក៏ត្រូវបានប្រគល់ជូនក្រសួងទាំងនេះដែរ។ 

ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ និង ព្រះវររាជមាតាជាតិខ្មែរ
ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ និង ព្រះវររាជមាតាជាតិខ្មែរ

ទន្ទឹមគ្នានោះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងតុបតែងលម្អដោយភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកផ្សេងៗ។ ចំពោះ ក្រសួងធម្មការ និងសាសនា ត្រូវក្រាបបង្គំទូលថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ដើម្បីសុំព្រះរាជតម្រិះរៀបចំគណៈប្រតិភូសង្ឃ និងដឹកនាំគណៈប្រតិភូសង្ឃ និមន្តចូលថ្វាយព្រះរាជសព្ទសាធុការពរព្រះមហាក្សត្រ។ បន្ថែមលើនេះ មន្ទីរធម្មការ និងសាសនា នៅគ្រប់រាជធានី-ខេត្ត ត្រូវស្នើសុំគ្រប់វត្តអារាមឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា។  

ព្រះបរមរាជវាំង
ព្រះបរមរាជវាំង

ចំពោះ ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងចុះសួរសុខទុក្ខ ជួបប្រាស្រ័យផ្ទាល់ជាមួយព្រះសង្ឃ និងប្រជារាស្ត្ររបស់ព្រះអង្គ។ រីឯ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវណែនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈតាមរាជធានី-ខេត្ត ឱ្យរៀបចំក្រុមសិល្បៈ និងចម្រៀងបុរាណ-សម័យ សម្ដែង និងប្រគំជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយ នៅតាមទីសាធារណៈ ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យដ៏មង្គលនេះ។

ព្រះបរមរាជវាំង មានតាំងព្រះបរមឆាយាល័ក្ខណ៍
ព្រះបរមរាជវាំង មានតាំងព្រះបរមឆាយាល័ក្ខណ៍

ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច ត្រូវជួយបង្កលក្ខណៈងាយស្រួលដោះស្រាយសម្ភារ ថវិកា សម្រាប់បម្រើការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ឱ្យបានសមស្រប និងទាន់ពេលវេលា។ ចំពោះ រដ្ឋបាលរាជធានី-ខេត្តវិញ ត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ដោយមានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងប្រជារាស្ត្រចូលរួម។ 

ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ ចុះជួបប្រជានុរាស្ត្រ 
ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ ចុះជួបប្រជានុរាស្ត្រ 

សូមជម្រាបថា ពិធីចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រធ្វើឡើងស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ ជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ដែលប្រារព្ធឡើង ដើម្បីសម្ដែងនូវកតញ្ញូតាធម៌ ចំពោះព្រះមហាករុណាទិគុណរបស់ព្រះមហាក្សត្រ ដើម្បីថ្វាយព្រះពរសព្ទសាធុការចំពោះព្រះមហាក្សត្រ ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់របស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត