
រាជធានីភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់មានព្រះរាជសវនីយ៍ថា ស្ត្រីគឺជាស្នូល នៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ និងសមធម៌។ ព្រះរាជសវនីយ៍របស់សម្តេចព្រះមហាក្សត្រី រំលេចឡើងក្នុងព្រះរាជសារ ដែលទ្រង់បានចេញដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៤ នៅថ្ងៃទី៨មីនា ឆ្នាំ២០២៥។

លើសពីនេះ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី ដែលប្រជាជនខ្មែរនិយមហៅទ្រង់ថា សម្តេចម៉ែ-សម្តេចយាយ ទ្រង់បានកោតសរសើរស្រ្តីខ្មែរទាំងអស់នៅទូទាំងប្រទេស ដែលបានតស៊ូលះបង់និងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ច ការងារគ្រួសារ ការងារសហគមន៍ និងការងារសង្គម។

ក្នុងព្រះរាជសារ សម្តេចព្រះមហាក្សត្រី ក៏បានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រគោលនយោបាយសមភាពយេនឌ័រ ដែលផ្តល់ផលល្អទៅលើស្ត្រី និងបន្តយកចិត្តទុកដាក់អនុវត្តការងារ ដើម្បីវិបុលភាព និងសេចក្តីសុខរបស់ប្រជាជនគ្រប់រូប។ សូមជម្រាបថា ប្រធានបទសម្រាប់ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៤នេះ គឺ «សិទ្ធិ សមភាព ភាពអង់អាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»។ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ទតឃើញថា ប្រធានបទនេះ ពិតជាមានសារសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជា៕



