
ទីក្រុងអ៊ីស្តង់ប៊ុល៖ ប៉ាគីស្ថាន និងអាហ្កានីស្ថាន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែតុលា ដើម្បីបន្តអនុវត្តបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៩ ខែតុលា ក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ព្រឺព្រួចនៅតាមព្រំដែនដ៏អាក្រក់បំផុតរវាងប្រទេសក្បែរខាងទាំង២ ក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមប្រទេសតួកគី ដែលបានព្យាយាមសម្របសម្រួលកិច្ចចរចាជាមួយកាតា។

មែនទែនទៅ ប្រទេសក្បែរខាងទាំង២នេះ បានប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលឆ្នាំ២០២១ របស់ពួកតាលីបង់ ជាមួយនឹងការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅខែតុលានេះ ដោយបង្កឱ្យមានការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន ជាមួយនឹងការបាញ់តបតរបស់អាហ្គានីស្ថាន និងការបិទច្រកឆ្លងកាត់ពាណិជ្ជកម្មសំខាន់ៗ។ ក្នុងតំណែងជាតួអង្គសម្របសម្រួល តួកគីបានអះអាងនៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២០ និងទី៣០ ខែតុលាថា ៖«ភាគីទាំងអស់បានយល់ព្រមដាក់យន្តការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដែលនឹងធានានូវការថែរក្សាសន្តិភាព និងការដាក់ទណ្ឌកម្មលើភាគីដែលបំពាន[បទឈប់បាញ់]»។ តួកគីបានបន្ថែមថា កិច្ចប្រជុំបន្តនឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី៦ ខែវិច្ឆិកា ដើម្បីសម្រេចថា តើយន្តការនេះនឹងត្រូវបានអនុវត្តយ៉ាងដូចម្តេច...? ជាពិសេសដើម្បីធានាថា តួកគី និងកាតាត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីទាំង២ ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែង។

យ៉ាងណា អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ូហូឡាហ៍ មូចាហ៊ីត (Zabihullah Mujahid) បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយភ្លាមៗថា ៖«អាហ្កានីស្ថាន បានស្វែងរកទំនាក់ទំនងល្អជាមួយប៉ាគីស្ថាន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែក»។ គួរបញ្ជាក់ថា ព្រំដែនដែលពុះហែកប្រទេសទាំង២ សន្ធឹងលើសពី ២៦០០គីឡូម៉ែត្រ គឺជាប្រភពនៃការប៉ះទង្គិចគ្នាជាញឹកញាប់ និងការចោទប្រកាន់គ្នាទៅវិញទៅមកលើជម្រកសកម្មប្រយុទ្ធប្រដាប់ដោយអាវុធ៕




