គ្រោះរញ្ជួយដីនៅអាហ្គានីស្ថាន ផ្តា.ច់ជីវិតមនុស្ស៦២២នាក់ និងជាង១៥០០នាក់រងរបួស
ហៀប ស៊ីថេត
01 កញ្ញា 2025 11:30 AM

រដ្ឋធានីកាប៊ូល៖ អាជ្ញាធរអាហ្គានីស្ថាន បានអះអាងនៅថ្ងៃចន្ទទី១កញ្ញាថា មនុស្សប្រមាណ៦២២នាក់ បានស្លាប់ និងជាង១៥០០នាក់បានរងរបួស នៅក្នុងគ្រោះមហន្តរាយគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយនៅប្រទេសអាហ្គានីស្ថាន ខណៈឧទ្ធម្ភាគចក្រហោះខ្វាត់ខ្វែង ដើម្បីបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេត្រូវបានទាញចេញពីគំនរបាក់បែក។

គ្រោះមហន្តរាយនេះ កំពុងទាញដៃអាហ្គានីស្ថានធ្លាក់ជ្រោះមរណ ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌រួចហើយ។ ក្រសួងមហាផ្ទៃអាហ្គានីស្ថាន បានអះអាងថា គ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់៦២២នាក់ នៅភាគខាងកើតនៃខេត្តគូណារ (Kunar) និងខេត្តណានហ្កាហារ(Nangarhar) ហើយមានអ្នករបួសជាង១៥០០នាក់ និងផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញក្លាយជាកម្ទេចថ្មបាក់បែក។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក អាប់ដុល ម៉ាទីនក្វានី (Abdul Maten Qanee) បានប្រាប់រ៉យទ័រថា៖«ក្រុមទាំងអស់របស់យើង ត្រូវបានប្រមូលផ្តុំដើម្បីពន្លឿនជំនួយ ដូច្នេះ ការគាំទ្រយ៉ាងទូលំទូលាយ និងពេញលេញអាចត្រូវបានផ្តល់ឱ្យ»។

ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះកំពុងដុតដៃដុតជើងដើម្បីទៅដល់ភូមិដាច់ស្រយាល ដែលរងគ្រោះដោយសាររញ្ជួយដី។ គួររំឭកថា ការរញ្ជួយដីនេះ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសអាហ្គានីស្ថាន ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ នៅពេលគ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់១០០០នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត