
រដ្ឋធានីកាប៊ុល៖ គ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Mazar-e Sharif ភាគខាងជើងប្រទេសអាហ្គានីស្ថាន នៅព្រឹកថ្ងៃចន្ទទី៣ ខែវិច្ឆិកា បានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ និងប្រហែល១៥០នាក់រងរបួស...។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានវាយប្រហារនៅជម្រៅ២៨គីឡូម៉ែត្រ នៅជិត Mazar-e Sharif ដែលមានប្រជាជនប្រហែល ៥២៣ ០០០នាក់។ លោក សាមីម ចូយ៉ាន់ដា (Samim Joyanda) អ្នកនាំពាក្យរបស់មន្ទីរសុខាភិបាលខេត្ត Samangan បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ៖«អ្នករបួសសរុបចំនួន ១៥០នាក់ និងមនុស្ស ៧នាក់ស្លាប់»។ លោកបានបន្ថែមថា ចំនួនអ្នកស្លាប់គឺផ្អែកលើរបាយការណ៍របស់មន្ទីរពេទ្យ ដែលប្រមូលបានគិតត្រឹមព្រឹកថ្ងៃចន្ទទី៣វិច្ឆិកា។

អ្នកនាំពាក្យខេត្តបាល់(Balkh) លោក ហាជី ហ្សេត (Haji Zaid) បានអះអាងថា គ្រោះរញ្ជួយដីបានបំផ្លាញទីសក្ការបូជា Mazar-i-Sharif ដ៏ពិសិដ្ឋ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនេះបានបង្ហាញថា របាយការណ៍ស្តីពីជនរងគ្រោះ និងការខូចខាតនឹងត្រូវបានចែករំលែកនៅពេលក្រោយ ខណៈរ៉យទ័រមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតភ្លាមៗទេ។ វីដេអូនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បានបង្ហាញពីការអនុវត្តដើម្បីជួយសង្រ្គោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក និងរូបភាពនៃកម្ទេចថ្មបាក់បែក ខណៈអ្នកជួយសង្គ្រោះទាញសាកសពចេញពីគំនរបាក់បែក។

សូមរំឭកថា មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដី បានវាយប្រហារអាហ្គានីស្ថានក្នុងខែសីហា។ មួយទៀតនៅឆ្នាំ២០២៣ គ្រោះរញ្ជួយដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១០០០នាក់។ គេនៅចាំបានថា កាលើពីរឆ្នាំ២០១៥ គ្រោះរញ្ជួយដីបានវាយប្រហារភាគឦសានប្រទេសអាហ្គានីស្ថាន ជិតខាងជើងប៉ាគីស្ថាន បានសម្លាប់មនុស្សរាប់រយនាក់៕



