ជម្លោះប៉ាគីស្ថាន-អាហ្គានីស្ថាន៖ ស្លា.ប់រាប់សិបនាក់ ហើយព្រំដែនត្រូវបានបិទ
N
Nary Vann
13 តុលា 2025 01:27 AM

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ ទាហានរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចនៅតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្គានីស្ថាន បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងទាំងពីរ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច។ ប៉ាគីស្ថាន បានបិទច្រកព្រំដែនរបស់ខ្លួន ជាមួយប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអាទិត្យទី១២តុលា...។ 

យោងតាមតាមសេចក្តីរាយការណ៍ កងទ័ពអាហ្គានីស្ថានបានបាញ់ទៅលើប៉ុស្តិ៍ព្រំដែនប៉ាគីស្ថាន កាលពីល្ងាចថ្ងៃសៅរ៍ទី១១តុលា ក្នុងការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន កាលពីដើមសប្តាហ៍នេះ។ ជាការឆ្លើយតប ប៉ាគីស្ថានបានបាញ់តបតវិញដោយប្រើកាំភ្លើង និងកាំភ្លើងធំ ដោយបានបំផ្លាញប៉ុស្តិ៍ព្រំដែនអាហ្គានីស្ថានជាច្រើន។ មន្ត្រីសន្តិសុខប៉ាគីស្ថានបានរាយការណ៍ថា ការ​បាញ់​គ្នា​ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃអាទិត្យទី១២តុលា តែមន្ត្រី និងអ្នកស្រុកក្នុងតំបន់គូរ៉ាំ (Kurram) អះអាងថា ពួកគេនៅតែឮស្នូរគ្រាប់កាំភ្លើងដដែល។ យោធាប៉ាគីស្ថានប្រកាសថា ទាហានរបស់ខ្លួនចំនួន២៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។

ចំណែក ពួក​តាលីបង់បង្ហាញ​ថា​ ទាហានរបស់ខ្លួនចំនួន​៩​នាក់​ត្រូវ​បាន​សម្លាប់។ យ៉ាងណា ភាគី​នីមួយៗ​​អះអាងពីការ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ច្រើន​ជាង​ទិន្នន័យដែលភាគី​ម្ខាង​ទៀតបញ្ចេញ។ ប៉ាគីស្ថានប្រកាសថា ខ្លួនបានសម្លាប់ពួកតាលីបង់ និងយុទ្ធជនសម្ព័ន្ធមិត្តអាហ្គានីស្ថានជាង២០០នាក់ ខណៈអាហ្គានីស្ថានប្រកាសថា ខ្លួនបានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥៨នាក់។ ច្រកព្រំដែនសំខាន់ៗពីរ គឺច្រកថឺកខាំ (Torkham) និងច្រកចាម៉ាន (Chaman) រួមជាមួយច្រកតូចៗចំនួនបីត្រូវបានបិទ។ ក្រសួងការពារជាតិអាហ្គានីស្ថាន បានបង្ហាញថា ប្រតិបត្តិការរបស់ពួកគេបានបញ្ចប់ ហើយអ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡា មូចាហ៊ីដ (Zabihullah Mujahid) អះអាងថា មិនមានការគំរាមកំហែងណាមួយ នៅក្នុងប្រទេសអាហ្គានីស្ថាននោះទេ។

អាហ្គានីស្ថានមានព្រំដែនគោកប្រវែង២៦០០គីឡូម៉ែត្រជាមួយប៉ាគីស្ថាន។ រដ្ឋធានីអ៊ីស្លាម៉ាបាដ ចោទប្រកាន់រដ្ឋបាលតាលីបង់ ពីបទលាក់ទុកពួកសកម្មប្រយុទ្ធ ដែលវាយប្រហារប៉ាគីស្ថាន តែរដ្ឋធានីកាប៊ុលបដិសេធ។ ភាពតានតឹងបានកើនឡើងបន្ទាប់ពីរដ្ឋធានីអ៊ីស្លាម៉ាបាដបានទាមទារឱ្យក្រុមតាលីបង់ចាត់វិធានការប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលបានបង្កើនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន ដោយចោទប្រកាន់ថាពួកសកម្មប្រយុទ្ធប្រតិបត្តិការពីទីជម្រកនៅក្នុងប្រទេសអាហ្គានីស្ថាន។ ពួកតាលីបង់ដែលឡើងកាន់អំណាចនៅឆ្នាំ២០២១ បដិសេធចំពោះវត្តមានពួកសកម្មប្រយុទ្ធប៉ាគីស្ថាននៅលើដីរបស់ខ្លួន។

ក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan ហៅកាត់ថា TTP (រូបតំណាង)
ក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan ហៅកាត់ថា TTP (រូបតំណាង)

ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន មានបំណងកំណត់គោលដៅលើមេដឹកនាំក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan ហៅកាត់ថា TTP នៅរដ្ឋធានីកាប៊ុល។ នេះបើយោងតាមមន្ត្រីសន្តិសុខប៉ាគីស្ថាន។ TTP បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តួលរំលំរដ្ឋាភិបាលប៉ាគីស្ថានក្នុងគោលបំណងបង្កើតប្រព័ន្ធអភិបាលកិច្ចឥស្លាម និងបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមតាលីបង់អាហ្គានីស្ថាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត