
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាចា មូហាំម៉ាត់ អាស៊ីហ្វ (Khawaja Muhammad Asif) បានលើកឡើងកាលពីថ្ងៃទី២៥តុលាថា លោកជឿជាក់ថា អាហ្គានីស្ថានចង់បានសន្តិភាព ប៉ុន្តែប្រសិនបើការចរចាកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តុងប៊ុលបរាជ័យ នោះនឹងមានន័យថា សង្គ្រាមបើកចំហ ប៉ុន្មានថ្ងៃបន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវនៅតាមព្រំដែន។

ការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានចាប់ផ្តើមនៅថ្ងទី២៥តុលា ហើយត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃអាទិត្យទី២៦តុលានេះ គឺជាសញ្ញានៃការប៉ុនប៉ងចុងក្រោយបំផុតរបស់ប៉ាគីស្ថាន និងអាហ្គានីស្ថាន ដើម្បីការពារការកើតឡើងវិញនៃអំពើហិង្សា បន្ទាប់ពីការប្រយុទ្ធគ្នានៅតាមព្រំដែនដ៏សាហាវបំផុត ចាប់តាំងពីការដណ្តើមយករដ្ឋធានីកាប៊ុលរបស់តាលីបង់ក្នុងឆ្នាំ២០២១។ ការចរចានេះមានបំណងបង្កើតយន្តការមួយ ដើម្បីអនុវត្តបទឈប់បាញ់នៅទីក្រុងដូហារយៈពេលវែង។

លោក ខាវ៉ាចា មូហាំម៉ាត់ អាស៊ីហ្វ បាននិយាយថា មិនមានឧប្បត្តិហេតុណាមួយកើតឡើង ក្នុងរយៈពេល៤ទៅ៥ថ្ងៃនេះទេ ពោលចាប់តាំងពីប្រទេសជិតខាងទាំងពីរព្រមព្រៀងគ្នា ហើយភាគីទាំងពីរកំពុងគោរពតាមបទឈប់បាញ់។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«យើងមានជម្រើស ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងទេ យើងមានសង្គ្រាមបើកចំហជាមួយពួកគេ។ ប៉ុន្តែខ្ញុំបានឃើញថា ពួកគេចង់បានសន្តិភាព»។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅដើមខែនេះ បន្ទាប់ពីរដ្ឋធានីអ៊ីស្លាម៉ាបាដបានទាមទារឱ្យក្រុមតាលីបង់ទប់ស្កាត់ក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថាកំពុងវាយប្រហារប្រទេសប៉ាគីស្ថានពីកន្លែងលាក់ខ្លួន នៅក្នុងប្រទេសអាហ្គានីស្ថាន។

ប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែន ហើយភាគីទាំងពីរបានបាញ់ប្រហារគ្នាយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងជំរុញឱ្យមានការបិទច្រកឆ្លងកាត់សំខាន់ៗ។ រដ្ឋធានីអ៊ីស្លាម៉ាបាដចោទប្រកាន់រដ្ឋធានីកាប៊ុលថា បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលវាយប្រហារកងកម្លាំងប៉ាគីស្ថាន។ យ៉ាងណា ក្រុមតាលីបង់បដិសេធការចោទប្រកាន់នេះ ហើយអះអាងថា ប្រតិបត្តិការយោធារបស់ប៉ាគីស្ថានរំ លោភលើអធិបតេយ្យភាពអាហ្គានីស្ថាន៕



