កូនកំលោះក្រមុំមិនក្រោម៦០គូក្នុង១ថ្ងៃ ទៅថតរូប«Pre Wedding»នៅរមណីយដ្ឋានអង្គរ
អុន សម្ផស្ស
30 តុលា 2025 07:00 AM

ក្រុងសៀមរាប៖ ប្រាសាទអង្គរវត្ត មិនត្រឹមជានិមិត្តរូបតំណាងឱ្យកម្ពុជា ដែលបាន​រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននៅលើពិភពលោកឱ្យមកទស្សនានោះទេ តែរមណីយដ្ឋានដ៏អច្ឆរិយនេះ ក៏ជាទីតាំងកំពុងពេញនិយមនៃការថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Wedding សម្រាប់កូនកំលោះកូនក្រមុំជាជនជាតិខ្មែរ រួមទាំងបរទេសចម្រុះជាតិសាសន៍ ជាពិសេសក្នុងរដូវកាលបៃតង។

អាជ្ញាធរជាតិអប្សរា បង្ហោះសារលើទំព័រហ្វេសប៊ុកខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះថា ប្រាសាទអង្គរវត្ត កំពុងទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។ លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៃប្រាសាទ បានលើកឡើងថា ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សា នៅប្រាសាទអង្គរ ក្នុងមួយថ្ងៃ មានកូនកំលោះក្រមុំ យ៉ាងហោចណាស់ពី៥០ទៅ៦០គូ មកថតរូបមុនរៀបអាពាហ៍ពិពាហ៍ទុកជាអនុស្សាវរីយ៍។ ការថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយប្រាសាទអង្គរវត្ត មានតាំងតែពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ អ្នកថតរូបទៀតសោត បានជ្រើសរើសទីតាំងពិសេសៗ និងកាលវេលាតាមការច្នៃប្រឌិតបានធ្វើឱ្យរូបភាពមានកាន់តែមានសោភ័ណភាព និងស្រស់ស្អាតប្រៀបបានឋានសួគ៌លើដី។

អ្នកជំនាញភ្នាក់ងារទេសចរណ៍ យល់ឃើញថា ការណ៍ដែលប្រាសាទអង្គរវត្ត និងប្រាសាទនានាបានក្លាយជាទីពេញនិយមសម្រាប់ថតរូបអាពាហ៍ពិពាហ៍ ដោយសារតែអង្គរ គឺជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញរបស់ពិភពលោក និងជាដួងព្រលឹងនៃអត្តសញ្ញាណជាតិរបស់ខ្មែរ។ ការមកថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយអង្គរនេះ ពលរដ្ឋខ្មែរយល់ថា ក្នុងមួយជីវិតរៀបការតែម្ដង គឺចង់ភ្ជាប់អនុស្សាវរីយ៍ជាមួយនិងកន្លែងដ៏ល្បីល្បាញ។ ម្យ៉ាងទៀត ការស្លៀកពាក់បែបប្រពៃណីខ្មែរសក្តិសមទៅនឹងសំណង់ប្រាសាទបុរាណដ៏អស្ចា្យ ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ហើយរួមជាមួយនិងទេសភាពប្រាសាទជាមួយព្រៃឈើ និងស្មៅពណ៌បៃតងផងនោះ កាន់តែធ្វើឱ្យរូបភាពអនុស្សាវរីយ៍មានតម្លៃ និងស្រស់ស្អាត។

ទន្ទឹមនឹងសន្ទុះពលរដ្ឋពេញនិយមថតរូបអាពាហ៍ពិពាហ៍នៅអង្គរនេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកថតយោគយល់គ្នា នៅពេលដែលមានអ្នកថតច្រើន ជាពិសេសក្នុងទីតាំងដែលមានភាពមមាញឹក និងទីតាំងចង្អៀត។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា ក្រើនរំឭកដល់ទេសចរទាំងអស់ទុកដាក់សម្ភារ ឬដបកែវភេសជ្ជៈឱ្យបានត្រឹមត្រូវចៀសវាងជ្រុះ ឬភ្លេចនាំឱ្យបាត់បង់អនាម័យ និងសណ្តាប់ធ្នាប់ល្អ។ ក្នុងគោលដៅលើកតម្លៃ «រមណីយដ្ឋានអង្គរ» ព្រមទាំងបរិស្ថានស្អាត ដើម្បីលើកស្ទួយវប្បធម៌ និងទេសចរណ៍នៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត