
រាជធានីបាងកក៖ ក្រុមហ៊ុនផលិតបំពង់ហឺតដ៏ពេញនិយមមួយរបស់ប្រទេសថៃ Hong Thai Herbal បានប្រកាសប្រមូលផលិតផលត្រឡប់ចូលឃ្លាំងវិញ បន្ទាប់ពីការធ្វើតេស្តគុណភាពរកឃើញថា វាអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើ។

រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ (FDA) បានអះអាងកាលពីថ្ងៃអង្គារទី២៨ ខែតុលាថា បំពង់ហឺតម៉ាក Formula 2 របស់ក្រុមហ៊ុន Hong Thai Herbal បានបរាជ័យក្នុងការបំពេញតាមស្ដង់ដារក្នុងការធ្វើតេស្តការចម្លងរោគ ដោយរកឃើញអតិសុខុមប្រាណមួយចំនួនដូចជាផ្សិត និងវត្តមានបាក់តេរី ខ្លូសទ្រីឌៀម អេសភីភី (Clostridium Spp) នៅក្នុងនោះ។ រដ្ឋបាលបានជំរុញឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលទិញ ឬប្រើប្រាស់ផលិតផលនេះ។ ជាក់ស្តែង ក្រុមហ៊ុន Hong Thai Herbal បានបញ្ជាក់ថា ខ្លួនបានប្រមូលមកវិញនូវផលិតផលនេះ ដែលបានផលិតនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ហើយផុតកំណត់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៧ ដោយមានបំពង់ហឺតចំនួន ២០ម៉ឺនដប។

ក្រុមហ៊ុន Hong Thai Herbal បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័រហ្វេសប៊ុកថា ៖«ក្រុមហ៊ុនទទួលស្គាល់យ៉ាងពេញលេញ និងទទួលយកលទ្ធផលនៃការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃដោយក្ដីគោរពបំផុត។ យើងបានប្រមូលមកវិញនូវផលិតផលដែលរងផលប៉ះពាល់ទាំងអស់ពីទីផ្សាររួចហើយ ហើយកំពុងសម្របសម្រួលជាមួយរដ្ឋបាលចំណីអាហារ និងឱសថដើម្បីបន្តការប្រមូលមកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កាលបរិច្ឆេទពិតប្រាកដនៃផលប៉ះពាល់នឹងត្រូវប្រកាសជាផ្លូវការនៅពេលក្រោយ»។ ក្រុមហ៊ុននេះបានបន្ថែមទៀតថា ៖«ខ្លួនបានពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវដំណើរការផលិតរបស់ខ្លួន និងបានបន្ថែមវិធានការត្រួតពិនិត្យគុណភាពបន្ថែមទៀតនៅគ្រប់ដំណាក់កាល ដើម្បីធានាថាផលិតផលទាំងអស់ដែលចេញលក់នៅលើទីផ្សារនាពេលខាងមុខមានសុវត្ថិភាព អនាម័យ និងអនុលោមតាមស្ដង់ដារសុខភាព។ យើងសូមអភ័យទោសដោយស្មោះចំពោះដៃគូរបស់យើងសម្រាប់ការរអាក់រអួលណាមួយ និងអតិថិជនដ៏មានតម្លៃរបស់យើងចំពោះការព្រួយបារម្ភណាមួយដែលបង្កឡើង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ដឹង ការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកជាបន្ត»។

គួរជម្រាបជូនថា នៅក្នុងប្រទេសថៃ ជនណាដែលផលិតផលិតផលឱសថគ្មានស្ដង់ដារត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ២០ម៉ឺនបាតឬស្មើនឹង ៦១៧០ដុល្លារអាម៉េរិក ឬត្រូវរងពិន័យទាំង២។ អ្នកដែលលក់ផលិតផលឱសថគ្មានស្ដង់ដារអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៦ខែ ពិន័យជាប្រាក់រហូតដល់ ៥ម៉ឺនបាត ឬត្រូវរងពិន័យទាំង២៕



