ដំណាំស្រូវក្នុងខេត្តពោធិ៍សាត់ប្រមាណ៥ពាន់ហិកតា កំពុងរងការវាយប្រហារដោយទឹកជំនន់បឹងទន្លេសាប
L
Linda Sorn
29 តុលា 2025 10:00 AM

ក្រុងពោធិ៍សាត់៖ គិតត្រឹមខែតុលា ឆ្នាំ២០២៥ ទឹកជំនន់បឹងទន្លេសាបនៃខេត្តពោធិ៍សាត់បន្តកើនឡើងជាបន្តបន្ទាប់ បណ្តាលឱ្យដំណាំស្រូវសរុបប្រមាណ៥ពាន់ហិកតា នៃស្រុកចំនួន៣ រួមមាន ស្រុកបាកាន, កណ្តៀង និងស្រុកក្រគរ រងការខូចខាតស្ទើរទាំងស្រុង…។

តាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ដំណាំស្រូវនៃស្រុកទាំង៣ ខាងលើ រងផលប៉ះពាល់ សរុបចំនួន៥០២២ហិកតា ស្មើនឹង៧,៩៨ភាគរយ នៃផ្ទៃដីដាំដុះសរុបចំនួន៦២ ៩៦០ហិកតា និងក៏ស្រូវវស្សា ដែលបានធ្វើការដាំដុះ លើកទី២ កំពុងស្ថិតក្នុងដំណាក់កាលនៃការលូតលាស់ ចេញផ្កា និងប្រមូលផល។ ក្នុងនោះ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ ក្នុងស្រុកបាកាន មានសរុបចំនួន១៨០០ហិកតា នៃភូមិចំនួន១៤ ស្មើនិង៩៦៣គ្រួសារ ហើយអាចនឹងប្រឈមការខូចខាតទាំងស្រុង សរុបប្រមាណចំនួន១២០៨ហិកតា ស្មើនឹងចំនួន៦៨៣គ្រួសារ។ រីឯ ស្រុកកណ្តៀង ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ មានសរុបចំនួន១១៩៨ហិកតា នៃ២៩ភូមិ ស្មើនឹង៦២០គ្រួសារ និងស្រុកក្រគរ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ សរុបចំនួន២០២៤ហិកតា មាន១៨ភូមិ ស្មើនិង១៥៥៣គ្រួសារ

តាមរយៈការខូចខាតនេះ កាលពីថ្ងៃទី២៨តុលា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ដែរ។ ​ លោកអះអាងថា៖«ក្រោយពីការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង យើងឃើញថា ដំណាំស្រូវទាំងអស់ អាចនឹងប្រឈមការខូចខាតទាំងស្រុង ព្រោះថាស្ថានភាពទឹកបឹងទន្លេសាប ក៏នៅឡើង និងអាចជន់លិចរយៈពេលយូរទៀតផងដែរ»។ យ៉ាងណា លោកបញ្ជាក់ថា នៅចំពោះមុខនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នឹងត្រៀមរៀបចំធ្វើរបាយការណ៍ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឱ្យបងប្អូនកសិករ មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។ លោកក៏បានផ្តាំផ្ញើ ជូនចំពោះប្រជាកសិករ មិនឱ្យអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត