កិច្ចប្រជុំកំពូលអាស៊ាន-UN៖ មេដឹកនាំកម្ពុជាអំពាវនាវឱ្យប្រកាន់យកទំនួលខុសត្រូវរួម ព្រោះគ្មានប្រទេសណាមួយ អាចប្រឈមមុខបញ្ហាតែម្នាក់ឯងទេ
S
Soriya Sou
3 ខែមុន

រាជធានីភ្នំពេញ៖ «ពុំមានប្រទេសណាមួយ មានលទ្ធភាពប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទេ តែទាមទារឱ្យប្រទេសទាំងអស់ប្រកាន់យកនូវស្មារតីទំនួលខុសត្រូវរួម លើកកម្ពស់តួនាទីស្នូលរបស់អង្គការសហប្រជាជាតិ»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី២៨តុលានេះ…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥ កាលពីថ្ងៃទី២៧តុលាម្សិលមិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥ កាលពីថ្ងៃទី២៧តុលាម្សិលមិញ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥ កាលពីថ្ងៃទី២៧តុលា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះសន្តិភាព ពហុភាគីនិយម និងគោលការណ៍នានានៃធម្មនុញអង្គការសហប្រជាជាតិ។ សម្តេចធិបតីគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយមានលទ្ធភាពប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញនាពេលបច្ចុប្បន្នតែម្នាក់ឯងនោះទេ។ ដូច្នេះ សម្ដេចអំពាវនាវឱ្យប្រទេសទាំងអស់ប្រកាន់យកនូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកកម្ពស់នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការកសាងពិភពលោកឱ្យមានសន្តិភាព ស្ថិរភាព និងយុត្តិធម៌កាន់តែប្រសើរ។

ដោយឡែក ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ក្នុងថ្ងៃដដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីសារសំខាន់នៃការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព។ សម្ដេចសង្កត់ធ្ងន់ថា ការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព ត្រូវតែជំរុញឡើងតាមរយៈការទូត កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ខណៈកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះអំពើអហិង្សា សន្តិសហវិជ្ជមាន និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋទាំងហ្លាយ។ សម្តេចធិបតីគូសបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅរាជធានីគូឡាឡាំពួរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានបង្ហាញនូវសក្ខីភាពដ៏មានឥទ្ធិពល សូម្បីតែជម្លោះដ៏លំបាកបំផុតក៏អាចត្រូវបានដោះស្រាយតាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត។

ជាថ្មីម្ដងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជួយសម្របសម្រួលកិច្ចសន្ទនាដោយផ្ទាល់ និងប្រកបដោយភាពស្ថាបនា។ សម្ដេចក៏បានអរគុណដល់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការជំរុញឱ្យមានការបញ្ឈប់អរិភាព និងគាំទ្រឱ្យមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នា។ មេដឹកនាំកម្ពុជា ក៏មិនភ្លេចអរគុណដល់ប្រទេសចិនផងដែរ ដែលបានជួយរៀបចំកិច្ចសន្ទនាក្រៅផ្លូវការជាបន្តបន្ទាប់រវាងកម្ពុជា-ថៃ ក្នុងគោលដៅលើកកម្ពស់ ការស្វែងយល់ដឹងពីគ្នា និងជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត