
រាជធានីភ្នំពេញ៖ លេចធ្លាយក្លិនបញ្ច្រាសខ្យល់ចេញពីស្ថាប័នអត្តសញ្ញាណកម្ម ខណៈតួអង្គសំខាន់ក្នុងរឿងនេះ គឺ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបានគេទម្លាយថា ជាប់ពាក់ព័ន្ធករណីរត់ការចូលសញ្ជាតិខ្មែរក្នុងទំហំទឹកប្រាក់២លានដុល្លារ។ យ៉ាងណា ករណីខាងលើនេះ ត្រូវបានអ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រាប់ SBM News នៅរសៀលថ្ងៃអង្គារទី២៨តុលានេះថា ថ្នាក់លើកំពុងកោះហៅសាមីខ្លួនមកធ្វើការសាកសួរហើយ...។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងប្រាប់ SBM News តាមប្រព័ន្ធសារអេឡិចត្រិកយ៉ាងដូច្នេះថា ចំពោះព័ត៌មានលេចធ្លាយខាងលើនេះ ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងកោះហៅសាមីខ្លួន ដើម្បីមកបំភ្លឺ បន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ថា លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ជាប់ពាក់ព័ន្ធករណីរត់ការចូលសញ្ជាតិខ្មែរ ឱ្យជនបរទេស ក្នុងទំហំទឹកប្រាក់២លានដុល្លារអាម៉េរិក។ ហើយចំពោះព័ត៌មានលម្អិតយ៉ាងណានោះ លោកនឹងជម្រាបជូនលម្អិតនៅពេលក្រោយបន្ថែមទៀត ព្រោះពេលនេះអ្វីៗស្ថិតក្នុងនីតិវិធីរបស់មន្ត្រីជំនាញនៅឡើយ។

សូមជម្រាបថា លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាតួអង្គសំខាន់ដែលត្រូវបានគេទម្លាយតាមបណ្ដាញផ្សព្វផ្សាយសង្គម ថា បានទទួលប្រាក់សំណូកចំនួន២លានដុល្លារ ដើម្បីរត់ការឱ្យជនបរទេសចូលសញ្ជាតិខ្មែរ ប៉ុន្តែគេមិនទាន់ដឹងថា ជនបរទេសដែលលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងរត់ការនោះមានសញ្ជាតិដើមកំណើតជាសាសន៍អ្វីនៅឡើយទេ។ ខណៈការរត់ការចូលសញ្ជាតិនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា មានរយៈពេលជាង១ឆ្នាំមកហើយ ចាប់តាំងពីលោកទទួលលុយពីជនបរទេសនោះ ដោយការងារធ្វើមិនបានសម្រេច ឯលុយក៏ស៊ីដាច់មិនព្រមប្រគល់ទៅឱ្យម្ចាស់ដើមវិញទេ ទើបមានការទម្លាយរឿងរាវអាថ៌កម្បាំងនេះ ចេញជាសាធារណៈតែម្ដង។ យ៉ាងណា អង្គភាពសារព័ត៌មាន SBM News នឹងបន្តតាមដានព័ត៌មានខាងលើនេះជាបន្តទៀតនៅពេលក្រោយ៕




