មេដឹកនាំកម្ពុជា-អូស្ត្រាលី ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ
S
Soriya Sou
28 តុលា 2025 11:00 AM

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក អេនថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្រ្តីអូស្ត្រាលី បានប្រកាសឯកភាពគ្នាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យការពារជាតិបន្ថែមទៀត…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អេនថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អេនថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី

ការ​ឯកភាពគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីអូស្ត្រាលី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ កាលពីល្ងាចថ្ងៃទី២៧តុលា ឆ្នាំ២០២៥ ក្នុងឱកាសថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជិត៦០០លានដុល្លារ កាលពីឆ្នាំ២០២៤។ សម្ដេចបានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ទរាម កាលពីថ្ងៃទី១០-១៥តុលាកន្លងទៅ។

ស្របនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ នាយករដ្ឋមន្រ្តីអូស្ត្រាលីបានសង្កត់ធ្ងន់ថា យោងតាមដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាចំនួន៣លើកកន្លងមក លោកកត់សម្គាល់ឃើញពីសក្កានុពលរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ ខណៈការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់ ក៏កម្ពុជាព្យាយាមខិតខំប្រឹងប្រែងបង្រ្កាបទប់ស្កាត់បានយ៉ាងល្អប្រសើរ។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ ផ្អែកលើវឌ្ឍនភាពដែលទទួលបាន សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក អេនថូនី អាល់បានីស បានឯកភាពគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត