
សុខភាព៖ បញ្ហាមុនអាចបង្កការខូចខាតដល់ស្បែក និងជាលិកានៅខាងក្រោមស្បែក ហើយរាងកាយព្យាយាមជួសជុលកន្លែងដែលខូចខាត និងផលិតខូឡាជែន។ ប្រសិនជារាងកាយផលិតខូឡាជែនតិច ឬច្រើនពេកអាចបង្កមានស្នាមបាន។ ប៉ុន្តែក្រៅពីផលិតផលថែរក្សាស្បែក ក៏អាចបន្ថយស្នាមបង្កដោយមុនតាមអាហារទាំង៥ប្រភេទនេះ..។

១.ផ្លែល្ហុង៖ សម្បូរដោយអង់ហ្សីមរំលាយអាហារឈ្មោះ papain។ អង់ហ្សីមនេះ ជួយកម្ចាត់កោសិកាស្បែកងាប់ ផ្ចិតរន្ធញើស និងបន្ថយស្នាមមុន ហើយក៏ជួយរក្សាសំណើមដល់ស្បែក និងបង្ការការឡើងមុន។ ២.ដំឡូងជ្វា៖ ដំឡូងជ្វា មានសារធាតុរ៉េទីណុល (Retinol) និងបេតាការ៉ូតេន (Beta-carotene)។ រាងកាយនឹងបំលែងបេតាការ៉ូទីនទៅជាវីតាមីន A ហើយវីតាមីននេះ ជារបាំងការពារស្បែកពីការប្រែពណ៌ ការរលាក និងការស្ទះរន្ធញើសដែលបង្កដោយពួករ៉ាឌីកាល់សេរី។ ចំណែកឯ រ៉េទីណុល គឺអាចប្រឆាំងនឹងបញ្ហាឡើងជាតិពណ៌លើស្បែក (Hyperpigmentation) បញ្ហាមុន និងស្នាមមុន។

៣. ផ្លែល្ពៅ៖ ផ្លែល្ពៅ ជាប្រភពនៃវីតាមីន B3 (Niacin) ហ្វូឡាត (folate) វីតាមីន A និងស័ង្កសី។ វីតាមីន B3 និងហ្វូលាតបង្កើនរំហូរឈាម ជួយដល់ការបង្កើតកោសិកាថ្មី និងអាចព្យាបាលមុន។ រីឯគ្រាប់ល្ពៅ ផ្ទុកសារធាតុស័ង្កសី ជួយគ្រប់គ្រងកម្រិតអ័រម៉ូន និងការផលិតខ្លាញ់ ហើយក៏ជួយដល់ការជាសះស្បើយរបស់ស្បែកដែរ។ ចំពោះ វីតាមីន A វិញជួយបន្ថយស្នាមមុន។ ៤.ផ្កាខាត់ណា៖ ផ្កាខាត់ណា មានផ្ទុកវីតាមីន C និងអាស៊ីដអាមីណូ Histidine។ អាស៊ីដអាមីណូនេះ ការពារស្បែកពីកាំរស្មី UV ដែលអាចធ្វើឱ្យស្នាមអុជខ្មៅកាន់តែធ្ងន់ធ្ងរ។ ចំណែកឯ វីតាមីន C ប្រឆាំងនឹងការខូតខាតបង្កដោយពពួករ៉ាឌីកាល់សេរី ជួយរាងកាយក្នុងការស្រូបយកជាតិដែក ព្យាបាលស្នាមរបួស និងស្នាមមុន។

៥.ទឹកក្រូចឆ្មារ៖ ទឹកក្រូចឆ្មារ អាចជួយបន្តឹងស្បែក
និងប្រឆាំងនឹងស្នាមជាំបាន។ សំបកក្រូចឆ្មារផ្ទុកសារធាតុ flavonoids ដែលមានប្រសិទ្ធភាពការពារ
និងប្រឆាំងនឹងសារធាតុបង្កជំងឺមហារីកលើស្បែក។ អាចផឹកទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកក្រូចឆ្មារនៅពេលព្រឹកដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព
និងស្បែកភ្លឺរលោង៕
ដកស្រង់ពី៖ Hello គ្រូពេទ្យ



