
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦តុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើររវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)...។

ពិធីសម្ពោធជើងហោះហើររវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ នាថ្ងៃនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា, លោក Zhan David នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាអាកាសយានដ្ឋានអន្តរជាតិតេជា។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកការចាប់ផ្តើមបើកសេវាការហោះហើរដោយផ្ទាល់នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងទំនាក់ទំនងកម្ពុជា-ជប៉ុន និង ធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសកម្ពុជា-ជប៉ុន ងាយស្រួល និងឆាប់រហ័សជាងមុន និងបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។

លោកមានប្រសាសន៍បន្ថែមថា៖«តាមរយៈបណ្តាញហោះហើរថ្មីនេះ យើងរំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ប្រជាជនកម្ពុជា ហើយវាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជា ទៅទស្សនាប្រទេសជប៉ុនផងដែរ»។ ជាងនេះទៅទៀត ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន៕





