កម្ពុជា-ជប៉ុន បេ្តជ្ញារួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់
S
Sreyleak Yith
25 កញ្ញា 2025 04:30 AM

ទីក្រុងណាហ្គូយ៉ា៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តអៃឈិនៃប្រទេសជប៉ុន បេ្តជ្ញារួមគ្នា ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជននៃគោលដៅទេសចរណ៍ប្រទេសទាំងពីរ និងការពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ ក៏ដូចជាការជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើទេសចរណ៍កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ…។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Hideaki Ōmura អភិបាលខេត្តអៃឈិ លើកទ្បើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយគ្នា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗបន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ។ ក្នុងជំនួបពិភាក្សាការងារនោះដែរ ភាគីទាំងពីរមានទស្សនៈរួមគ្នាថា ប្រទេសកម្ពុជា និងខេត្តអៃឈិ សុទ្ធតែមានសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌពិភពលោកដូចៗគ្នា និងប្រពៃណីទំនៀមទម្លាប់គួរឱ្យចាប់អារម្មណ៍។ បើយាយពីទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន មានជាង៧២ឆ្នាំហើយ ដែលត្រូវបានដំឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

សូមជម្រាបថា ជប៉ុនមិនមែនមានតែការជំរុញលើវិស័យអាកាសចរណ៍ជាមួយកម្ពុជាទ្បើយ ជាក់ស្តែង កាលពីថ្ងៃទី២១សីហាកន្លងទៅ ក្រសួងអប់រំកម្ពុជា និងក្រុមហ៊ុនជប៉ុន Surala Net បានចុះកិច្ចព្រមព្រៀងជាមួយគ្នា លើកិច្ចសហប្រតិបត្តិការបង្រៀនគណិតវិទ្យាតាមបែបឌីជីថល។ កិច្ចព្រមព្រៀងមានរយៈពេល៥ឆ្នាំក្នុងគោលដៅ កែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា ដោយអភិវឌ្ឍសម្ភារបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត