
ខេត្តកំពង់ឆ្នាំង៖ ប្រទេសជប៉ុន បានប្រគល់សំណង់អគារហ្វឹកហ្វឺនសរុបចំនួន៧ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់សិក្ខាកាម…។

ពិធីផ្ទេរ-ប្រគល់ អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក តាគូជី អ៊ូរ៉ាណូ (Takuji Urano) ប្រធានគម្រោងក្រុមហ៊ុន SATO KOGYO Co., LTD និង លោក យ៉ាស៊ូតាកា ស៊ីម៉ូជីម៉ា (Yasutaka Shimojima) ប្រធានត្រួតពិនិត្យគម្រោងសាងសង់ Oriental Consultants Global Co., LTD។ លោកអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា សំណង់អគារសរុបទាំង៧ រួមមាន៖ ១.អគារថ្នាក់រៀន១ខ្នង២ជាន់មាន១០បន្ទប់, ២.អគារអន្តេវាសិកដ្ឋាន២ខ្នងមាន៣០បន្ទប់ (អាចដាក់ចំណុះសិក្ខាកាមចំនួនជាង២០០នាក់)។ ៣.អគារសាលប្រជុំ១ខ្នង (មានចំណុះចំនួនជាង៤០០នាក់), ៤.អគារអាហារដ្ឋាន១ខ្នង (មានចំណុះជាង២០០នាក់), ៥.អគារបន្ទប់អនាម័យ១ខ្នង និង៦.អគារអគ្គិសនី១ខ្នង បញ្ចប់ការសាងសង់សំណង់គោល ហើយត្រូវផ្ទេរ-ប្រគល់មកឱ្យអង្គភាពស៊ីម៉ាក់ គ្រប់គ្រង។

ដោយឡែក ការបំពាក់គ្រឿងសង្ហារឹម ប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធសម្ភារឧបទេស ត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៦។ លោក ហេង រតនា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជំរុញ និងគាំទ្រគម្រោងសាងសង់ និងអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃនេះ។ លោកថា ជំនួយនេះនឹងជួយគាំទ្រការបង្កើនសមត្ថភាពអង្គភាពស៊ីម៉ាក់ ក្នុងការផ្ដល់ការហ្វឹកហ្វឺនទាំងបច្ចេកទេស ជំនាញ និងការផ្លាស់ប្ដូរបទពិសោធ ក្នុងវិស័យសកម្មភាពកម្ចាត់មីនទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិបន្ថែមទៀត៕







