
រាជធានីភ្នំពេញ៖ ប្រទេសទីម័រខាងកើត ឬ ទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ផ្លូវការ នៅព្រឹកថ្ងៃទី២៦តុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងទិវាជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចូលរួមអបអរសាទរដល់ទីម័រខាងកើត ចំពោះសមិទ្ធផលដ៏សក្តិសមនឹងទទួលនេះ...។

សម្ដេចតេជោ បានសរសេរសាលិខិតដោយផ្ទាល់ ផ្ញើជូន លោក ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅថ្ងៃទី២៦តុលានេះថា ប្រទេសកម្ពុជា មានក្ដីសោមនស្សរីករាយដែលមានទីម័រខាងកើតជាសមាជិកនៃគ្រួសារអាស៊ាន ហើយក៏មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាមិត្ត និងជាដៃគូមិនងាករេក្នុងដំណើរនេះ ចាប់តាំងពីការទទួលយកទីម័រខាងកើតជាគោលការណ៍សមាជិកទី១១នៃអាស៊ាន ក្នុងសន្និសីទកំពូលអាស៊ានលើកទី៤០ និង៤១ នៅប្រទេសកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកការចូលរួមជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើត ក្នុងបរិការណ៍សកលលោកកាន់តែស្មុគស្មាញដូចពេលបច្ចុប្បន្ន គឺពិតជាមានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគមអាស៊ាន។

«នៅពេលដែលតំបន់របស់យើងកំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេស តំបន់ និង អន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រខាងកើត នឹងរួមចំណែកដ៏មានអត្ថន័យក្នុងការសម្រេចបាន នូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព»។ សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា មានជំនឿថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រខាងកើត នឹងកាន់តែរឹងមាំ ហើយសម្ដេចទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីទីម័រខាងកើត ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ស្ថិតស្ថេរ សម្រាប់ប្រទេសទាំងពីរ និង សហគមន៍អាស៊ាន។

សូមជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាអង្គការថ្នាក់តំបន់មួយមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១០ជាសមាជិក រួមមាន៖ ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ជាប្អូនពៅ។ យ៉ាងណា ពេលនេះ ទីម័រខាងកើតបានក្លាយជាសមាជិកពេញសិទ្ធិទី១១ ដោយក្លាយជាប្អូនពៅជំនួសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា គឺជាអ្នកត្រួសត្រាយផ្លូវខ្លាំងជាងគេដល់ប្រទេសទីម័រខាងកើត ដើម្បីឱ្យបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន៕




