រដ្ឋមន្រ្តីមហាផ្ទៃ ហួសចិត្តនឹងសម្ដីមេដឹកនាំថៃដែលចង់ចាប់ខ្លួនមេដឹកនាំកម្ពុជា ថា ជាឥរិយាបថចម្លែក និងគ្មានភាពថ្លៃថ្នូរ
S
Soriya Sou
19 សីហា 2025 10:15 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការហួសចិត្តចំពោះពាក្យសម្ដីរបស់នាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមិធម្ម វិជ្យៈឆ័យ ដែលនិយាយថា នឹងចាប់ខ្លួនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បើសិនមេដឹកនាំកម្ពុជាទាំងពីរត្រូវបានរកឃើញនៅក្នុងទឹកដីថៃ...។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃទី១៩សីហានេះថា៖«វាជារឿងហួសចិត្ត និងមិននឹកស្មានថាមេដឹកនាំថៃហាមាត់ទៅរួច ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វេងយល់ពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូលឱ្យរងភាពអាម៉ាសហើយ»។ លោក ស សុខា សង្កត់ធ្ងន់ទៀតថា៖«ខ្ញុំនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា "ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ"។ លោកបានផ្ញើសារដល់មេដឹកថៃថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ ទោះជាសម្ដីដែលចង់ចាប់ខ្លួនមេដឹកនាំកម្ពុជា គ្រាន់តែដើម្បីយកចិត្តយោធា យកចិត្តប្រជាជនថៃមួយចំនួន ឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ថៃក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសដដែលៗបែបនេះ។

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ 
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ 

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្រ្តីចាត់ទុក ការអត្ថាធិប្បាយប្រធានបទពាក់ព័ន្ធប្រទេស និងមេដឹកនាំកម្ពុជាម្ដងហើយម្ដងទៀត ពីសំណាក់មេដឹកនាំនយោបាយថៃ មិនថា ផ្លូវការ ឬស្ដីទី រួមទាំងមេយោធាដែលងប់នឹងសង្គ្រាមផងនោះ ជាភាសាយកជាការពុំបាន ជាឥរិយាបថចម្លែកៗគ្មានភាពថ្លៃថ្នូរ ថែមទាំងជ្រុលហួសលើសកម្រិតភាសាការទូត ហួសព្រំដែននៃបញ្ហា ហួសពីច្បាប់ និងនិយាមអន្តរជាតិ។ លោកបន្ថែមថា នយោបាយផ្ទៃក្នុងថៃ កំពុងច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំកម្ពុជា។ ភាគីថៃគួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជាជាមុន ដែលលោកពោរពេញដោយនយោបាយសីលធម៌ វិន័យការទូត និងច្បាប់អន្តរជាតិ មានក្លិនក្រអូបក្នុងតំបន់ និងឆាកអន្តរជាតិ ខណៈកន្លងមកក៏ធ្លាប់មានយុវជន ប្រជាជន អ្នកវិភាគ និងអ្នកនយោបាយថៃមួយចំនួន បានចេញសារតាមបណ្ដាញសង្គមទទួលស្គាល់សមត្ថភាព សម្ដេចតេជោ សម្ដេចធិបតី និងកម្ពុជាទាំងមូល ថាខ្លាំង ដើរមុនថៃ និងមានពិសោធន៍ឆ្លាតជាងអ្នកនយោបាយថៃ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា 
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា 

សូមជម្រាបថា ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ធ្វើឡើងក្រោយមានកាសែតថៃចុះផ្សាយសម្ដីរបស់លោក ភូមិធម្ម វិជ្យៈឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ និយាយថា៖«លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើរកឃើញក្នុងប្រទេសថៃ»។ ខណៈសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅយប់ថ្ងៃទី១៨សីហាថា៖«ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អ ឬបំផ្លាញ ដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»៕

នាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមិធម្ម វិជ្យៈឆៃ 
នាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមិធម្ម វិជ្យៈឆៃ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត