
ក្រុងកំពង់ចាម៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៤តុលា ឆ្នាំ២០២៥ បានស្រាវជ្រាវរកឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អ្នកគ្រូពេទ្យវួចណៃ ភូមិថ្មី» បានផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសំអាង ដែលមិនបានចុះបញ្ជីកាត្រឹមត្រូវ។ មន្ទីរសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌ជាសាធារណៈអំពីករណីនេះ។

មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានសហការជាមួយនឹង រដ្ឋបាលស្រុកចំការលើ បានចាត់តាំងក្រុមការងារបច្ចេកទេស ចុះទៅដល់ទីតាំងផ្ទាល់របស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ មុយ វួចណៃ ជាគិលានុបដ្ឋាក និងជាម្ចាស់បន្ទប់ថែទាំជំងឺ «ឈ្មោះ មុយ រួចណៃ» ស្ថិតនៅភូមិទី៣៥ ឃុំបូសខ្នុរ ស្រុកចំការលើខេត្តកំពង់ចាម។ ក្រោយចុះត្រួតពិនិត្យ មន្ទីរបានរកឃើញ មានដាក់លក់ផលិតផលឱសថក្រុមហ៊ុន KN ចំនួន៤មុខ និងផលិតផលឱសថក្រុមហ៊ុន SP ចំនួន៤មុខ ដោយមិនបានចុះបញ្ជីកាត្រឹមត្រូវ។

ជុំវិញករណីនេះ មន្ទីរបានសម្រេចបានដកហូតផលិតផលឱសថ និងគ្រឿងសម្អាងខាងលើ រួមទាំងបិទបន្ទប់ថែទាំជំងឺឈ្មោះ «មុយ វួចណៃ» ចំពោះការបំពានលើច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ មន្ទីរក៏អំពាវនាវដល់សាធារណជនទាំងអស់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ ការលក់ និងការប្រើប្រាស់ផលិតផលឱសថ និងគ្រឿងសម្អាងខាងលើ ព្រមទាំងផលិតផល ឱសថគ្មានការចុះបញ្ជីកាគ្រប់ប្រភេទ ដែលនាំឱ្យមានការខាតបង់ប្រាក់កាស និងអាចប៉ះពាល់ដល់សុខភាព៕



