២០២៦ កម្ពុជាគ្រោងចាយដល់ទៅ«១០ពាន់លានដុល្លារ»ឯណោះ ផ្តោតសំខាន់ខ្លាំងលើការពង្រឹងសមត្ថភាពការពារទឹកដី
L
Linda Sorn
25 តុលា 2025 04:33 AM

រាជធានីភ្នំពេញ៖ គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាទៅដល់ប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ដោយផ្តោតសំខាន់ខ្លាំងលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បញ្ជាក់ថា៖«សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាពលើការពង្រឹង សមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់កិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ និងការអនុវត្តគោលនយោបាយសំខាន់ៗ»។ ទន្ទឹមនឹងនោះ ថវិកាក៏នឹងត្រូវប្រើសម្រាប់លើការកែទម្រង់នានា ជាពិសេសគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុង ក្របខ័ណ្ឌតំបន់ និងពិភពលោក។ 

ថវិការដ្ឋប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ដែលគ្រោងចំណាយក្នុងឆ្នាំ២០២៦ កើនឡើងប្រមាណ៧,៨ភាគរយ បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។​ សេចក្តីប្រកាសបញ្ជាក់បន្ថែមថា តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,២ភាគរយ សម្រាប់ឆ្នាំ២០២៥ និងប្រមាណ៥ភាគរយ សម្រាប់ឆ្នាំ២០២៦ ស្របពេល ដែលផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗ ត្រូវបានរំពឹងថា នឹងកើនឡើងដល់៣០២០ដុល្លារអាម៉េរិក ខណៈក្នុងឆ្នាំ២០២៥នេះ មាន២៨៥៨ដុល្លារអាម៉េរិក។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យនានា រួមមាន ឧស្សាហកម្ម សេវាកម្ម កសិកម្ម នេសាទ និងការចិញ្ចឹមសត្វ ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត