
រាជធានីភ្នំពេញ៖ នៅទីបំផុត លោក ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ត្រូវបានថ្នាក់លើសម្រេចផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅតុលាការ ក្រោយធ្វើសកម្មភាពទាញកាំភ្លើងខ្លីវាយក្បាលយុវតីម្នាក់នៅចំណុចមុខតូបលក់ចាប់ហួយ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២តុលាកន្លងទៅ...។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ គូសបញ្ជាក់យ៉ាងដូច្នេះថា បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ហើយបែរជាទាញកាំភ្លើងវាយយុវតីរងគ្រោះបណ្ដាលឱ្យរងរបួសចំនួន២កន្លែង។ យ៉ាងណា តាមរយៈការស្រាវជ្រាវ ប្រមូលវត្ថុតាង របស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រកឃើញថា បុគ្គលឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន។

ជាមួយគ្នា កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមនៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿង ជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីជាធរមាន៕





