អាជ្ញាធរខេត្តព្រៃវែង ប្រាប់ពលរដ្ឋឱ្យត្រៀមជម្លៀស ខណៈទឹកជំនន់កំពុងវាយប្រហារស្រុកចំនួន៧
អុន សម្ផស្ស
07 តុលា 2025 02:45 AM

ខេត្តព្រៃវែង៖ ស្របពេលទឹកជំនន់បន្តហកឡើង បង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំប្រជាកសិករមួយចំនួន អាជ្ញាធរខេត្តព្រៃវែង អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ប្រឈមឱ្យត្រៀមលក្ខណៈជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង...។

តាមរយៈដំណើរចុះពិនិត្យតាមដានស្ថានភាពផ្លូវកំពុងរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ចាប់ពីចំណុចភូមិតាំងស្នា ឃុំរការ ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង កាលពីរសៀលថ្ងៃទី៦តុលា ឆ្នាំ២០២៥ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន បានជំរុញបន្ថែមដល់អាជ្ញាធរគ្រប់ក្រុង-ស្រុក ជាពិសេសបណ្តាឃុំ-សង្កាត់ ដែលប្រឈមគ្រោះទឹកជំនន់ តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្ត នៃស្ថានភាព។ របាយការណ៍បង្ហាញដោយរដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី៦តុលា មានស្រុកចំនួន៧ ដែលស្មើនឹង៤៤ឃុំ នៅទូទាំងខេត្តព្រៃវែង បាននិងកំពុងរងផលប៉ះ​ពាល់​ដោយ​ទឹកជំនន់។ ក្នុងនោះរួមមាន៖ ស្រុកស៊ីធរកណ្ដាល ៨ឃុំ, ស្រុកពាមជរ ៩ឃុំ, ស្រុកកំពង់ត្របែក ៣ឃុំ, ស្រុកម្ចាយមារ ១ឃុំ, ​ស្រុកពាមរក៍ ៨ឃុំ, ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំង ចំនួន៩ឃុំ។

ចំពោះមុខបញ្ហានេះ អាជ្ញាធរតំបន់ បានណែនាំដល់ប្រជាពលរដ្ឋឱ្យត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងក្នុងពេលមានគ្រោះទឹកជំនន់ ជាពិសេសត្រៀមលក្ខណៈសម្បត្តិក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តកើនឡើង។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ បានត្រៀមលក្ខណៈ សម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឱ្យបានទាន់ពេលវេលា។ គួរជ្រាបថា ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំងបណ្ដាល ឱ្យប៉ះពាល់ ហូរច្រោះ និងកាត់ផ្តាច់ផ្លូវក្នុងថ្ងៃជាមួយគ្នានោះ មន្ទីរសារធារណការខេត្ត ក៏បានសម្រេចផ្អាកចរាចរណ៍ទាំងស្រុង លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង រហូតដល់មានការជូនដំណឹងសាជាថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត