កម្ពុជា​ជាប់​ក្នុង​ចំណោម​ប្រទេស​ ដែល​កម្រ​ជួប​គ្រោះ​រញ្ជួយ​ដី​បំផុត​លើ​ពិភពលោក
ហៀប ស៊ីថេត
4 ខែមុន

ចំណេះដឹង៖ ខណៈគ្រោះរញ្ជួយដី គឺជាផ្នែកមួយនៃគ្រោះធម្មជាតិ បានបំផ្លិចបំផ្លាញនៅតាមតំបន់ជាច្រើន និងប្រទេសមួយចំនួននៅលើពិភពលោក ប៉ុន្តែក្នុងនោះក៏មានប្រទេសមួយចំនួនស្ទើរតែមិនធ្លាប់ជួបប្រទះ ឬស្គាល់រសជាតិនៃគ្រោះរញ្ជួយដីសោះឡើយ។ ជាក់ស្តែង កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដីទាបបំផុតនៅលើពិភពលោក។

គួរជម្រាបថា បេឡារុស ប្រេស៊ីល និងកម្ពុជា មានទីតាំងស្ថិតនៅឆ្ងាយពីព្រំប្រទល់បន្ទះតិចតូនិចធំៗ (Tectonic Plate Boundaries) ដែលធ្វើឱ្យភូមិសាស្ត្រមានលំនឹងល្អ ហើយជាទូទៅមានសុវត្ថិភាពពីការរំញ័ររញ្ជួយរបស់ភពផែនដី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ កម្ពុជា ត្រូវបានគេកំណត់ជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីជាប្រទេសកម្រ​ជួប​គ្រោះ​រញ្ជួយ​ដី​បំផុត​លើ​ពិភពលោក ខណៈតំបន់អាស៊ីអាគ្នេយ៍ជាទូទៅមានភាពងាយរងគ្រោះ ដោយការរញ្ជួយដី ពីព្រោះទឹកដីមួយចំណិតនៃពិភពលោកនេះ មានទីតាំងព័ទ្ធជុំវិញដោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire)។ ប៉ុន្តែអ្វីដែលចម្លែក ទីតាំងតែមួយគត់របស់កម្ពុជា គឺស្ថិតនៅឆ្ងាយពីតំបន់ងាយរងគ្រោះ ដែលផ្តល់ឱ្យកម្ពុជានូវសុខសុវត្ថិភាពផ្នែកទីតាំងភូមិសាស្ត្រដ៏កម្របំផុតមួយ បើធៀបទៅនឹងប្រទេសជិតខាងដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន ភូមា និងថៃ

ប្រទេសផ្សេងទៀតដែលត្រូវបានកត់សម្គាល់ជាប់ឈ្មោះជាប្រទេសកម្រកើតមានគ្រោះរញ្ជួយដីដែរនោះ រួមមាន៖ ប្រទេសឆាដ កោះអាយវ៉ូរី ឡាត់វី ម៉ាលី នីហ្សេរីយ៉ា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ុយក្រែន និង អ៊ុយរូហ្គាយ ដោយប្រទេសទាំងនេះ ក៏ស្ថិតនៅឆ្ងាយពីខ្សែក្រវាត់រញ្ជួយដីសកម្ម។ មែនទែនទៅ ប្រទេសដែលគ្មាន ឬកម្រជួបគ្រោះរញ្ជួយដីមិនត្រឹមតែផ្តល់នូវសុវត្ថិភាពដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង និងវិស័យទេសចរណ៍ផងដែរ។ ត្រឡប់ក្រោយបន្តិច តើមូលហេតុអ្វីកម្ពុជា​ជាប់​ក្នុង​ចំណោម​ប្រទេស​ដែល​កម្រ​ជួប​គ្រោះ​រញ្ជួយ​ដី​បំផុត​លើ​ពិភពលោក...? ជុំវិញចម្ងល់នេះ អ្នកជំនាញភូគព្ភសាស្ត្របានពន្យល់ថា កម្ពុជា ស្ថិតនៅលើបន្ទះឥណ្ឌូចិន (Indochina Plate) ដែលជាផ្នែកមួយនៃទ្រនរទ្វីបចាស់(Old Tectonic Plate) នៃទ្វីបអាស៊ី ដែលមានភាពធន់ និងសុវត្ថិភាពភាពខ្ពស់ មិនដូចបន្ទះទ្វីបថ្មីៗ ដែលមានចលនាសកម្មនៅជិតព្រំដែនបន្ទះតិចតូនិចផ្សេងទៀតឡើយ។ នេះហើយជាហេតុផលចម្បង ដែលធ្វើឱ្យកម្ពុជាមានហានិភ័យទាបបំផុត ចំពោះគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត