ក្រុមហ៊ុនផលិតរថយន្ត និងទឹកដោះគោចំនួន៣នៅចិន ចង់មកស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ
S
Soriya Sou
21 តុលា 2025 10:30 AM

ក្រុងព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចិនចំនួន ដែលមានចំណាប់អារម្មណ៍ចង់មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ…។

ក្រុមហ៊ុនទាំង៣រួមមាន៖ ១.ក្រុមហ៊ុន Zhongang Technology Co., Ltd. ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំ មានឯកទេសខាងម៉ូតូកង់បីអគ្គិសនី EVs ឧបករណ៍ប្រើប្រាស់ពន្លឺ និងរថយន្តចល័តដែលមានគោលបំណងពិសេស ដោយរួមបញ្ចូលការរចនាយានយន្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិតគ្រឿងបន្លាស់ ក្រោមស្ដង់ដាររថយន្តពេញលេញ។ ២.ក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន។ ក្រុមហ៊ុននេះ ផ្តោតលើការវិនិយោគសមធម៌ឧស្សាហកម្ម ការផលិតគ្រឿងម៉ាស៊ីន និងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែង។

៣.ក្រុមហ៊ុន Huangshi (Group) Dairy Co., Ltd. ជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិន ដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុន Shenzhen។ ក្រុមហ៊ុននេះបានគ្រប់គ្រងខ្សែសង្វាក់តម្លៃទឹកដោះគោ កែច្នៃ វេចខ្ចប់ និងចែកចាយទូទាំងប្រទេសចិន។ ក្នុងជំនួបដាច់ដោយឡែកពីគ្នាជាមួយអភិបាលខេត្តព្រះសីហនុ នៅទីក្រុងសៀងហៃ ប្រទេសចិន តំណាងក្រុមហ៊ុនទាំង៣បានប្រាប់ពីបំណងដូចគ្នាថា ពួកគេចង់មកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ។ លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា ព្រះសីហនុ ជាខេត្តមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ។ លោកបានស្វាគម៍ក្រុមហ៊ុនទាំង៣ ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ ដែលចង់មកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត