ក្រុងព្រះសីហនុ៖ ជើងហោះហើរត្រង់ពីទីក្រុងស៊ិនជិន នៃប្រទេសចិន មកកាន់ទីក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) បានបើកដំណើរការជាមួយអ្នកដំណើរសរុបចំនួន១៤៨នាក់ ចុះចតលើកដំបូងដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ...។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងក្រុមការងារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានទៅទទួលស្វាគមន៍ដំណើរមកដល់របស់ជើងហោះហើរដំបូងនេះ។ តាមរដ្ឋបាលខេត្តព្រះសីហនុ នេះជាជើងហោះហើរត្រង់ទី១ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia)។ ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានបង្ហាញសេចក្តីសោមនរីករាយយ៉ាងខ្លាំង ដោយខេត្តព្រះសីហនុ មានជើងយន្តហោះត្រង់ផ្ទាល់ពីប្រទេសចិន។ ការណ៍នេះ នឹងជំរុញឱ្យភ្ញៀវទេសចរ អ្នកវិនិយោគជាតិ-អន្តរជាតិ អាចធ្វើដំណើរចេញ-ចូលមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង។ លោកអភិបាលរងខេត្ត គូសរំលេចថា៖«បច្ចុប្បន្នមានជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ ចំនួន៨ជើង និងមានការតភ្ជាប់បន្ថែមជាបន្តបន្ទាប់ទៀតផងដែរ»។

សូមរំឭកខ្លីថា ខេត្តព្រះសីហនុ ធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្ដងរួចមកហើយ ក៏ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិសកលកូវីដ-១៩។ យ៉ាងណា ក្នុងឆ្នាំ២០២៥នេះ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ត្រូវបានភ្ជាប់ឡើងវិញ ដែលជាឆ្លើយតបយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» រៀបចំឡើងដោយរាជ/រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការពង្រីកគោលដៅថ្មីៗ ដើម្បីបំពេញតម្រូវការកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៃប្រជាជនប្រទេសទាំងពីរផងដែរ៕




