
ក្រុងព្រះសីហនុ៖ បន្ទាប់ពីបានដាក់សំណើស្នើសុំការលើកទឹកចិត្ត គម្រោងវិនិយោគ និងធុរកិច្ចចំនួន១៧ នៅក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា…។

សំណើសុំការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទនៃគម្រោងវិនិយោគ និងធុរកិច្ចខាងលើ ត្រូវបានពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០កញ្ញា ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ គម្រោងវិនិយោគ និងធុរកិច្ចទាំង១៧ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន១០, គម្រោងថ្មីចំនួន៥ និង គម្រោងមានស្រាប់ចំនួន២ មានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ២៨០លានដុល្លារអាម៉េរិក អាចបង្កើតការងារប្រមាណ២១៩៥កន្លែង។ គម្រោងទាំង១៧ មានជាអាទិ៍៖ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ។

ថ្លែងក្នុងអង្គប្រជុំ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវបន្តជួយសម្របសម្រួលដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែងបន្ថែមទៀតដល់វិនិយោគិន ដូចជា៖ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និងការផ្ដល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិនអាចដំណើរការវិនិយោគដោយរលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារជូនប្រជាជន។

សូមជម្រាបថា គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន៣៩២ (គម្រោងវិនិយោគថ្មី១៦៦, គម្រោងអគារជាប់គាំង១៨៦ គម្រោងពង្រីក២៥ និងគម្រោងវិនិយោគស្រាប់១៥) មានទុនវិនិយោគប៉ាន់ស្មានសរុបជិត៨ពាន់លានដុល្លារអាម៉េរិក អាចបង្កើតការងារជូនប្រជាពលរដ្ឋជាង៥ម៉ឺនកន្លែង៕



