ការជួសជុលផ្នែកខ្លះនៃប្រាសាទបន្ទាយសំរ៉ែ ត្រូវអូសបន្លាយដោយសារកត្តាទឹកភ្លៀង
អុន សម្ផស្ស
21 តុលា 2025 07:30 AM

ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ នៅជ្រុងខាងលិចឆៀងខាងត្បូង ដើម្បីពង្រឹងរចនាសម្ព័ន្ធនៃរានហាននេះឱ្យរឹងមាំឡើងវិញ។ យ៉ាងណា ការជួសជុលនឹងមិនអាចបញ្ចប់តាមការគ្រោងទុកឡើយ នោះក៏ព្រោះតែរដូវវស្សាឆ្នាំនេះ ស្ថានភាពទឹកភ្លៀងកើនឡើង និងធ្លាក់ជោគជាំខ្លាំង។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២១តុលា...។

លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បញ្ជាក់ថា បើតាមផែនការ..គម្រោងជួសជុលអភិរក្សរានហានខាងមុខ ជ្រុងខាងលិចឆៀងខាងត្បូងនៃប្រាសាទបន្ទាយសំរ៉ែនេះ គឺនឹងចំណាយពេល១ឆ្នាំ ប៉ុន្តែដោយរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា៖«ក្រុមអ្នកជួសជុល កំពុងពន្លឿន ដោយសង្ឃឹមថា អាចរួចរាល់តាមផែនការគ្រោងទុក ឬយឺតជាងនេះបន្តិច»

លោក ឡុង ណារី ពន្យល់ថា រានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ជ្រុងខាងលិចឆៀងខាងត្បូងនេះ បានរងការខូចខាតធ្ងន់ធ្ងរ ដោយថ្មបាយក្រៀមផ្នែកខាងក្រោមបានពុកផុយខ្លាំង សសរខ្លះពុកផុយ និងក្រៀកខុសពីទីតាំងដើម ធ្វើឱ្យរចនាសម្ព័ន្ធមិនរឹងមាំ។ ដូច្នេះ អ្នកជំនាញចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ព័ន្ធឱ្យរឹងមាំឡើងវិញ ដោយកាយយកល្បាយដីស្អុយ និងថ្មដែលខូចខាតចេញ ដើម្បីបន្ថែមថ្មថ្មីខ្លះៗ បន្ទាប់មក គឺបិតបាយអរនៅតាមកម្រាល និងព្យាបាលកន្លែងដែលមានប្រហោងឬស្នាមប្រេះ ដើម្បីការពារកុំឱ្យទឹកជ្រាបចូលបន្តទៀត។

លោកបញ្ជាក់បន្ថែមថា គម្រោងជួសជុលនេះ អនុវត្តតែចំពោះតួនៃរានហានប៉ុណ្ណោះ ចំណែកបង្កាន់ដៃនាគនៅផ្នែកខាងលើ ជាគម្រោងអនុវត្តនៅឆ្នាំបន្ទាប់។ គួរជ្រាបថា រានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ជ្រុងខាងលិចឆៀងខាងត្បូងនេះ កំពុងត្រូវបានជួសជុលដោយក្រុមនិស្សិតជាសិក្ខាកាម ដែលទទួលបានការបណ្ដុះបណ្ដាល រយៈពេល២ឆ្នាំកន្លះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ របស់អាល្លឺម៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត