ព្យុះ«ហ្វេងសេង» បន្តមានឥទ្ធិពលមកលើកម្ពុជា បង្កឱ្យមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់
S
Sreyleak Yith
20 តុលា 2025 02:05 AM

រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ព្យុះទី២៤ឈ្មោះ ហ្វេងសេង បន្តមានឥទ្ធិពលលើរបបខ្យល់មូសុង បក់លើសមុទ្ទអាន់ដាម៉ាន់ សមុទ្ទកម្ពុជា សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ ​ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥..។

មន្រ្តីធនធានទឹក គូសបញ្ជាក់ថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។ ចំពោះ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។

រីឯតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដី១៥ភាគរយ។

ដោយទ្បែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ក្នុងនោះ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត