
ក្រុងព្រៃវែង៖ លោកឧបកនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A នៅឆ្នាំសិក្សា ២០២៤-២០២៥ មានចំនួនកើនរហូតទៅដល់១៥៤នាក់ ជាចំនួនមួយដ៏ច្រើន និងជាមោទនភាពសម្រាប់ខេត្តព្រៃវែង ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល...។

លោកឧបកនាយករដ្ឋមន្ត្រី ថែ្លងបែបនេះ ក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។ លោកចាត់ទុកសមិទ្ធផលនេះ ថាជាចំណែកដ៏សំខាន់មួយទៀតនៃការរីកចម្រើនវិស័យអប់រំ និងក៏ជាការបញ្ជាក់ពីសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាកបំផុត ក្រោយសម័យសង្គ្រាម ពោលគឺចាប់តាំងពីប្រទេសមិនមានសល់អ្វីសោះ រហូតបច្ចុប្បន្នមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំ ដែលទាមទារឱ្យមានការចូលរួមបន្តទៀត ខណៈការអប់រំបណ្ដុះបណ្ដាលគ្មានទីបញ្ចប់នោះទ្បើយ។

លោកឧបកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ឈរលើមរតកនយោបាយដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មកដល់នីតិកាលទី៧ នៃរដ្ឋសភាគឺមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តពង្រឹងបន្ថែមទៀតលើវិស័យអប់រំ ដែលជាមុំសំខាន់មួយនៃយុទ្ធសាស្ត្របញ្ចកោណ៕



