
ខេត្តបន្ទាយមានជ័យ៖ សិស្សនិទ្ទេសA ចំនួន៤៩នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ក្នុងខេត្តបន្ទាយមានជ័យ ទទួលអំណោយ iPad Air ម្នាក់១គ្រឿង កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣..។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ មានបេក្ខជនប្រឡងជាប់ ចំនួន៣៩០១នាក់ ស្រីចំនួន២៣៥៦នាក់ ត្រូវជា៦៩,២៩ភាគរយ ស្រី៧៥,៧១ភាគរយ។ សិស្សនិទ្ទេសA ចំនួន៤៩នាក់ ស្រី២៥នាក់ និទ្ទេសB ចំនួន៣១៦នាក់ ស្រី១៨៩នាក់ រីឯសិស្សនិទ្ទេស C ចំនួន៨៤១នាក់ ស្រី៥៤១នាក់ និទ្ទេសD ចំនួន១៣៤០នាក់ ស្រី៨៤៧នាក់ និងនិទ្ទេសE ចំនួន១៣៥៥នាក់ ស្រី៧៤៥នាក់។

ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ និងនាំយកអំណោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ចែកជូន iPad Air ម្នាក់១គ្រឿង។ បន្ថែមលើសនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ដែលប្រឡងជាប់ទាំ៣៩០១នាក់ និងសិស្សជាប់និទ្ទេសA ចំនួន៤៩នាក់ ដែលត្រូវបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវខិតខំប្រឹងប្រែង ដើម្បីទទួលបានជោគជ័យបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕ រាយការណ៍ដោយ៖ លោក ឈុន មករា






