សម្តេចតេជោ សិស្ស៤ភាគរយនៃសិស្ស១លាន៥សែននាក់ និងតម្រូវឱ្យរៀនជំនាញវិជ្ជាជីវៈដូនតា
អាន ប៊ុនរ័ត្ននៈ
02 កុម្ភៈ 2023 03:00 AM

រាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់​​​រង្វាន់​​​​លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ ចំនួន១០៤៩នាក់ទូទាំងប្រទេស នៅមជ្ឈ​​មណ្ឌល​​​​​​​សន្និសីទ និងពិពណ៌អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមសិស្សនិស្សិត១,៥លាននាក់ ដែលរៀនជំនាញវិជ្ជាជីវៈ ក្នុងនោះសិស្សនិស្សិតពី២ទៅ៤ភាគរយ និងត្រូវរៀនជំនាញដូនតា...។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជំនាញវិជ្ជាជីវៈដូនតាដែលត្រូវបានបណ្តុះបណ្តាលនៅតាមទីកន្លែងមួយចំនួន ស្ថិតក្រោមការគ្រប់គ្រង់របស់ក្រសួងវប្បធម៌ ដើម្បីកុំឱ្យបាត់បង់។ ចំពោះមុខវិជ្ជា(វិជ្ជាជីវៈដូនតា)នេះ មានដូចជា ជាងចម្លាក់ ស្មូន ជាងគំនូរ តម្បាញ និងវិជ្ជាជីវៈមួយចំនួនទៀតដែលដូនតាបានបន្សល់ទុក កុំឱ្យបាត់បង់។ យើងមិនត្រឹមតែរៀនមុខវិជ្ជាថ្មីៗទេ តែមុខវិជ្ជាដូនតា ក៏ត្រូវតែរៀនដែរ ដើម្បីរក្សាអត្តសញ្ញាណផង និងដើម្បីរក្សាកេរមរតកដូនតារបស់យើងផង ហើយអាចយកមុខវិជ្ជាជីវៈជំនាញនោះ មកធ្វើជាមុខរបរចិញ្ចឹមជីវិតផងដែរ»។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានបញ្ជាក់ពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល លើការចេញថ្លៃការសិក្សាជូនដល់សិស្សនិស្សិតដែលមានបំណងរៀនមុខជំនាញវិជ្ជាជីវៈដូនតា ដោយមិនតម្រូវឱ្យសិស្សនិស្សិតបង់ថ្លៃការសិក្សាឡើយ។

សូមបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៥ធ្នូ ឆ្នាំ២០២២ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប៩០ ៩៥០នាក់ ត្រូវជា៧២,៣៣ភាគរយ នៃចំនួនបេក្ខជនប្រឡងសរុប។ ក្នុងនោះសិស្សដែលទទួលបាននិទ្ទេសA ចំនួន១០៤៩នាក់, និទ្ទេសB មានចំនួន៧ ២៣២នាក់ និទ្ទេសC មានចំនួន១៩ ០៥៣នាក់ និទ្ទេសD មានចំនួន ៣១ ១៦៦នាក់ និងនិទ្ទេសE មានចំនួន៣២ ៤៥០នាក់..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត