
ព្រៃវែង និងកំពង់ធំ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា រង្វាន់ជាប្រភេទ Ipad សម្រាប់ចែកជូនដល់សិស្សនិទ្ទេសAបានមកដល់ហើយ ប៉ុន្តែមិនអាចយកទៅចែកជូនដល់ពួកគេដូចតាមការគ្រោងទុកនៅថ្ងៃទី២៨ ខែកុម្ភៈឡើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ប្រភេទ«អូមីក្រុង»ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរនៅរាជធានីភ្នំពេញ។
ថ្លែងក្នុងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិកនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ជំនួបជាមួយសិស្សនិទ្ទេសA អាចនឹងប្រារព្ធធ្វើឡើង លុះត្រាតែរាជធានីភ្នំពេញមានភាពធូរស្បើយនៃអ្នកឆ្លងជំងឺបំប្លែងថ្មីនេះ។ ប៉ុន្តែប្រសិនជំងឺនេះនៅតែអូសបន្លាយយូរទៀត សម្តេចនឹងគ្រោងជួបសិស្សនិទ្ទេសAផ្ទាល់ ដែលស្ថិតនៅរាជធានីភ្នំពេញតែប៉ុណ្ណោះ ចំណែកនៅតាមបណ្តាខេត្តសម្តេចថានឹងជួបពួកគេតាមប្រព័ន្ធអនឡាញ។

សម្តេចតេជោបានថ្លែងដូច្នេះថា៖«ការជួបជុំនៅពេលនេះ គឺមិនសមរម្យ វាអាចនឹងធ្វើឲ្យអ្នកដែលមករាជធានីភ្នំពេញ ត្រឡប់ទៅវិញអាចនឹងនាំជំងឺកូវីដ-១៩«អូមីក្រុង»ទៅតាមបណ្តាខេត្ត។ អ៊ីចឹងខ្ញុំផ្អាក ខ្ញុំសូមការយោគយល់ ហើយយើងត្រូវតែបន្តប្រយុទ្ធបញ្ហានេះបន្តទៅទៀត»។
មិនត្រឹមតែសម្តេចផ្អាកជួបជាមួយសិស្សនិទ្ទេស A សម្តេចក៏បានផ្អាកជំនួបជាមួយនឹងគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ TYDA ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ផងដែរ។
ការប្រឡងបាក់ឌុបសម័យប្រឡងឆ្នាំ២០២០-២០២១មានបេក្ខជនប្រឡងជាប់ចំនួន៧២០១៦នាក់ ក្នុងចំណោមបេក្ខជនមកប្រឡងចំនួន១១៤១៨៧នាក់ ក្នុងនោះជាប់និទ្ទេសAចំនួន១៧៥៣នាក់,និទ្ទេសB ចំនួន៥២១៥នាក់,និទ្ទេសC ចំនួន១១៦៣៤នាក់,និទ្ទេសD ចំនួន២៣៤៩៩នាក់ និងនិទ្ទេសE ចំនួន២៩៩១៥នាក់៕
សូមអញ្ជើញស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដូចខាងក្រោមនេះ៖




