កូរ៉េខាងត្បូង ស្ម័គ្រចិត្តផ្តល់បញ្ជីឈ្មោះមេខ្លោងឧក្រិដ្ឋជនដល់កម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេស
អុន សម្ផស្ស
18 តុលា 2025 02:25 AM

រាជធានីភ្នំពេញ៖ កូរ៉េខាងត្បូង នឹងរៀបចំប្រគល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសដែលជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ដល់ក្រសួងមហាផ្ទៃកម្ពុជា។ ការបង្ហាញជំហរជួយកម្ពុជា ដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង ត្រូវបានធ្វើឡើងតាមរយៈជំនួបរវាងលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ ជាមួយ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥…។

កម្ពុជា ចាត់ទុកការផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសដែលជាមេខ្លោងនៃបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញនាពេលនេះ គឺជាស្នូលសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ។ លោកឧបនាយករដ្ឋមន្រ្តីក ស សុខា គូសបញ្ជាក់ថា៖«កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាម​ឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាម​បណ្ដាច្រកទ្វារព្រំដែន»។ ទន្ទឹមគ្នានោះកម្ពុជា-កូរ៉េ ក៏បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។  

ចំពោះមុខគណៈប្រតិភូ លោកឧបនាយករដ្ឋមន្រ្តីក ស សុខា បញ្ជាក់បន្ថែមថា កម្ពុជាបានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការ​ផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ ទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី។ ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយ លទ្ធផលនេះ ត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះ ផាត់ចោល ប៉ុន្តែព្យាយាម លាបពណ៌ដាក់បន្ទុក ទាំងធាតុពិត ប្រភពនៃបញ្ហា មានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តីក ស សុខា សង្ឃឹមថា លោកស្រី គីម ជីណា នឹងចូលរួមផ្ដល់ព័ត៌មានពិតទៅកាន់ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន និងប្រជាជនកូរ៉េ អំពីស្ថានភាពជារួមនៅកម្ពុជា ដែលលោកស្រី និងសហការី បានឃើញ បានស្វែងយល់ និងបានទទួលព័ត៌មានពីដំណើរទស្សនកិច្ចនេះ។

សូមជម្រាបថា តាមរយៈកិច្ចការងារប្រយុទ្ធប្រឆាំងបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មុននឹងមានជំនួបជាមួយរដ្ឋមបន្ត្រីក្រសួងមហារផ្ទៃកម្ពុជា លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ក្រសួងការបរទេសកូរ៉េ រួមទាំងគណៈប្រតិភូ បានចូលជួបមេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ​លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)កម្ពុជា និងចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញមួយកន្លែង នៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ក្នុងស្រុកបាទី ខេត្តតាកែវផងដែរ។ តាមរយៈជំនួបទាំងនោះ កម្ពុជា-កូរ៉េខាងត្បូង បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នា ក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានប្តេជ្ញាចិត្តរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត